បទវិភាគ៖ទង្វើរបស់សហភាពអឺរ៉ុបដែលប្រើពន្ធគយមកគាបសង្កត់លើរថយន្តចិនបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផង
ថ្ងៃទី១៣ខែមិថុនា សំដៅចំពោះករណីដែលគណៈកម្មាធិការសហភាពអឺរ៉ុបប្រកាសថា ខ្លួនគ្រោងនឹងយកពន្ធគយប្រឆាំងនឹងឧបត្ថម្ភកធនជាបណ្តោះអាសន្នខ្ពស់បំផុតរហូតដល់៣៨.១ភាគរយលើរថយន្តដើរដោយថាមពលអគ្គិសនីដែលនាំចូលពីប្រទេសចិន សហគ្រាសផលិតរថយន្តអឺរ៉ុបដែលមានក្រុមហ៊ុនVolkswagen Mercedes-Benzនិងក្រុមហ៊ុនBMWរបស់ប្រទេសអាល្លឺម៉ង់ជាដើមសុទ្ធតែបានសម្តែងមតិប្រឆាំងភ្លាមៗ ពួកគេយល់ឃើញថា ការដំឡើងពន្ធគយបន្ថែមទៀតនឹងរារាំងដល់ការអភិវឌ្ឍរបស់សហគ្រាសផលិតរថយន្តអឺរ៉ុប ហើយក៏នឹងបំផ្លាញផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អឺរ៉ុបផងដែរ។
ការប្រឆាំងរួមគ្នារបស់សហគ្រាសផលិតរថយន្តអឺរ៉ុបលើកនេះ គឺបានបង្ហាញយ៉ាងពេញលេញថា ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបនេះមិនមែនដើម្បីផលប្រយោជន៍របស់ពួកគេទាល់តែសោះ ផ្ទុយទៅវិញ គឺកំពុងលេងឧបាយកលនយោបាយ។ ទង្វើនេះបានរំលោភលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងក្បួនច្បាប់ពាណិជ្ជកម្មអន្តរជាតិ បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសផលិតរថយន្តនិងសហគ្រាសខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តរបស់ចិននិងអឺរ៉ុប ដែលអាចនិយាយបានថា បំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផង។
ហេតុអ្វីបានជាភាគីអឺរ៉ុបមិនអើពើនឹងសំឡេងប្រឆាំង ហើយទទូចគាបសង្កត់លើរថយន្តដើរដោយថាមពលអគ្គិសនីរបស់ចិនតាមរយៈមានការដំឡើងពន្ធគយ? នៅពីក្រោយនេះ មិនត្រឹមតែមានការប្រកួតប្រជែងខាងផលប្រយោជន៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងអឺរ៉ុបតែប៉ុណ្ណោះទេ ថែមទាំងក៏មានទំនាក់ទំនងជាមួយចិត្តគំនិតបីប្រភេទរបស់មនុស្សមួយចំនួននៅអឺរ៉ុបផងដែរ។
ទីមួយ ចិត្តគំនិតដែលចង់គាបសង្កត់លើការអភិវឌ្ឍរបស់ប្រទេសចិន។ នៅអឺរ៉ុប ការផ្តួចផ្តើមឱ្យធ្វើកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប គឺជាសំឡេងសំខាន់ៗ ប៉ុន្តែក៏មានកម្លាំងប្រឆាំងប្រទេសចិនផងដែរ។ មនុស្សទាំងនេះ មិនចង់ឃើញការអភិវឌ្ឍរបស់ប្រទេសចិន ហើយរិះរកមធ្យោបាយដើម្បីរារាំងការធ្វើឱ្យស៊ីជម្រៅនូវការកសាងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងការត្រួសត្រាយកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអឺរ៉ុប។
ទីពីរ ចិត្តគំនិតដែលភ័យខ្លាចការប្រកួតប្រជែងដោយយុត្តិធម៌។ អឺរ៉ុបមានឧត្តមភាពយ៉ាងច្បាស់លាស់ក្នុងវិស័យរថយន្តដើរដោយប្រេងសាំងអស់រយៈពេលយូរ ប៉ុន្តែស្របពេលដែលឧស្សាហកម្មរថយន្តដើរដោយថាមពលថ្មីរបស់ប្រទេសចិនទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស មនុស្សមួយចំនួននៅអឺរ៉ុបមានការភ័យខ្លាចថា ប្រទេសចិននឹងវ៉ាហួសខ្លួនឯង។
ទីបី ចិត្តគំនិតដែលធ្វើតាមអាមេរិក។ អឺរ៉ុបធ្លាប់ជាអ្នករងគ្រោះពីទង្វើគាំពារនិយមផ្នែកពាណិជ្ជកម្មរបស់អាមេរិក ប៉ុន្តែលើកនេះវាបានក្លាយជាអ្នកបំផុសជម្លោះពាណិជ្ជកម្ម មូលហេតុសំខាន់នៅពីក្រោយ គឺសម្ពាធមកពីអាមេរិក។ ប៉ុន្តែភាគីអឺរ៉ុបត្រូវរក្សាចិត្តឱ្យស្ងប់ ហើយគីតថា តើវាគួរឬមិនគួរក្នុងការធ្វើតាមអាមេរិកទៅគាបសង្កត់លើចិនដោយលះបង់ចោលកិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុប?
ជាការពិត ចិននិងអឺរ៉ុបមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយនៅក្នុងវិស័យឧស្សាហកម្មរថយន្តថាមពលថ្មី។ ការប្រកួតប្រជែងនិងកិច្ចសហប្រតិបត្តិការដ៏វិជ្ជមាននៃរថយន្តដើរដោយថាមពលអគ្គិសនីរវាងចិននិងអឺរ៉ុប វាមានអំណោយផលដល់ការលើកកម្ពស់កម្លាំងប្រកួតប្រជែងនៃឧស្សាហកម្មអ៊ឺរ៉ុប ហើយក៏សមស្របទៅនឹងចក្ខុវិស័យរបស់អឺរ៉ុបក្នុងការស្វែងរកការធ្វើបរិវត្តកម្មថាមពលនិងការអភិវឌ្ឍដោយកាត់បន្ថយកាបូនផងដែរ។
បទពិសោធន៍ប្រវត្តិសាស្ត្របានបញ្ជាក់ម្តងហើយម្តងទៀតថា ពន្ធគយមិនអាចនាំមកនូវកម្លាំងប្រកួតប្រជែងទេ ហើយក៏គ្មានអ្នកណាអាចឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មនោះដែរ។ភាគីអឺរ៉ុបគួរតែស្តាប់ដោយយកចិត្តទុកដាក់ចំពោះសំឡេងប្រកបដោយសត្យានុម័តនិងវិចារណញ្ញាណរបស់គ្រប់មជ្ឈដ្ឋាន ប្រញាប់កែតម្រូវទង្វើខុសឆ្គងភ្លាមៗ បញ្ឈប់ការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយទៅជាបញ្ហានយោបាយនិងដោះស្រាយជម្លោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មឱ្យបានសមស្របតាមរយៈការសន្ទនានិងការពិគ្រោះពិភាក្សា។ប្រសិនបើភាគីអ៊ឺរ៉ុបធ្វើតាមតែទំនើងចិត្តរបស់ខ្លួន ភាគីចិននឹងចាត់វិធានការចាំបាច់យ៉ាងមុតមាំ ដើម្បីការពារក្បួនច្បាប់នៃអង្គការពាណិជ្ជកម្មពិភពលោកនិងគោលការណ៍ទីផ្សារ ក៏ដូចជាគាំពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិន៕