ក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខមួយលើពិភពលោករបស់អាល្លឺម៉ង់ នឹងចាត់តំណាងមកកម្ពុជាដើម្បីសិក្សាលើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីសក្ដានុពលវិនិយោគរបស់កម្ពុជា ពិសេសវិស័យអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យឯកជនអាចពិនិត្យលទ្ធភាពក្នុងការវិនិយោគ។ ជាក់ស្ដែងក្នុងអំឡុងដំណើរបេសកកម្មគោះទ្វារវិនិយោគក្នុងសហភាពអឺរ៉ុបនាឱកាសនេះ កម្ពុជាបានពាំនាំយកនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគលើវិស័យគន្លឹះរួមមានវិស័យកសិកម្មនិងកសិ-ឧស្សាហកម្ម, យានយន្តនិងអេឡិចត្រូនិក, សុខាភិបាលនិងឱសថ, ថាមពលកកើតឡើងវិញ, ព្រមទាំងទេសចរណ៍និងបដិសណ្ឋារកិច្ចជាដើម។
ចំពោះទស្សនកិច្ចក្រុមហ៊ុននាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន និងស្នើដល់ក្រុមហ៊ុនអាចពិនិត្យពិចារណាជ្រើសរើសយកកម្ពុជាទីតាំង ដើម្បីពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ក្រោយពីទទួលស្ដាប់អំពីសក្ដានុពលរបស់កម្ពុជា ជាការឆ្លើយតប លោក Alexander Weichsel បានសន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជាដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀត លើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។
សូមជម្រាបថា BOSCH Group គឺជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មឈានមុខគេមួយនៅលើពិភពលោក ជាមួយបុគ្គលិកសរុបប្រមាណ ៤២៩.០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះមានប្រតិបត្តិការរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាឧស្សាហកម្ម ទំនិញប្រើប្រាស់ និងថាមពលនិងបច្ចេកវិទ្យាជាដើម៕