នគរបាល បំបែកសំណុំរឿងឃាតកម្មកាប់សម្លាប់មនុស្សទម្លាក់ប្រឡាយទឹក ដោយខឹងជនរងគ្រោះដើរផឹកស៊ីយប់ជ្រៅ បង្កឱ្យឆ្កែព្រុសរំខានដំណេក
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្មកាប់មនុស្សទម្លាក់ប្រឡាយទឹក ព្រោះតែខឹងជនរងគ្រោះជាអ្នកដើរផឹកស៊ីយប់ជ្រៅ បង្កឱ្យឆ្កែព្រុសរំខានដំណេក នៅចំណុចប្រអប់លូទឹកប្រឡាយព្រីង ស្ថិតនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន កាលពីវេលាម៉ោង២១៖៤៥នាទីថ្ងៃទី១២មិថុនា ឆ្នាំ២០២៤។
យោងតាមការបញ្ជាករបស់សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សឿម សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅងិល ត្រូវចំក្បាល ក ជាច្រើនពូថៅ បណ្ដាលឱ្យស្លាប់រួចទម្លាក់មនុស្សចូលក្នុងប្រឡាយទឹកនៅកន្លែងកើតហេតុ រហូតដល់វេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១៤មិថុនា ឆ្នាំ២០២៤ ទើបកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារ សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាកាន ស្រាវជ្រាវដឹងមូលហេតុ ដោយកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលបឹងខ្ទុំ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន។
បន្ទាប់ឃាត់ខ្លួនរួច ឃាតក បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា មូលហេតុឈានដល់ការសម្លាប់ជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន គឺដោយសារ ខឹងជនរងគ្រោះជាអ្នកដើរផឹកស៊ីយប់ជ្រៅ បង្កឱ្យឆ្កែព្រុសរំខានដំណេករបស់ខ្លួន។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បញ្ចូនខ្លួនទៅកាន់តុលាការ តាមបញ្ជាលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕