អភិបាលខេត្តក្រចេះ អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ បង្ក្រាបជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងករណីក្មេងទំនើងនៅក្នុងមូលដ្ឋាន ឱ្យកាត់តែមានប្រសិទ្ធភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងឯកឧត្ដម សរ ចំរុង តំណាងរាស្ត្រមណ្ឌលក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវក្រាលក្រួសក្រហម២ខ្សែ ប្រវែង១៩.៤០៤គីឡូមែត្រ សាងសង់ដោយក្រុមហ៊ុន ឫទ្ធី២ធ្នូ អុីនវេសមុិន ឯ.ក និងក្រុមហ៊ុន កាវីកាស អុិនវេសមុិន ឯ.ក ស្ថិតក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
បន្ទាប់ពីលោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានឡើងរាយការណ៏អំពើការអភិវឌ្ឍន៍នៅមូលដ្ឋានរួចមក លោកស្រី ឡេង ដាវី នាយិការក្រុមហ៊ុន ឬទ្ធី ២ធ្នូ អុីនវេសមុិន ឯ.ក បានដឹងថា៖ដោយមើលការលំបាកខ្លាំងក្នុងការធ្វើដំណើរចេញចូលនៅទីនោះ ក្រុមហ៊ុនក៏បានចាប់ផ្តើមសិក្សា និងរៀបចំសាងសង់ ផ្លូវថ្មីមួយខ្សែប្រវែងជាង១៩,៤០៤គ.ម ជាប្រភេទផ្លូវក្រាលក្រួសក្រហម កំរាស់ ០.០២ម និងមានទទឹង៥.៣០ម ចំណាយថវិកាសាងសរុបអស់ចំនួន១,៤៥៥,៣០០,០០០រៀល (មួយពាន់បួនរយហាសិបប្រាំលាន និងបីរយពាន់រៀល)។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានសាងសង់ ផ្លូវលំចំនួនពីរខ្សែហើយផ្លូវនេះគឺមិនត្រឹមតែសម្រាប់ បម្រើផលប្រយោជន៍ផ្ទាល់របស់ក្រុមហ៊ុនប៉ុណ្ណោះទេ តែផ្លូវនេះក៏បានផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក្នុងការបង្កើត នូវទំនាក់ទំនងសេវាកម្មនានា ក៏ដូចជាការទាក់ទាញវិនិយោគិនក្នុងស្រុក និងរដ្ឋ ក្រៅស្រុកតាមរយៈមានហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់គ្រប់គ្រាន់សមរម្យ និងចូលរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងឃុំថ្មី ដើម្បីប្រើប្រាស់ក្នុងការដឹកជញ្ជូនរាល់កសិផលផ្សេងៗឱ្យមានភាពងាយស្រួល រហ័ស ក៏ដូចជាជួយសម្រួលដល់ការងារចរាចរណ៍ផងដែរ។ និងជាយុទ្ធសាស្ត្រ១ ក្នុងចំណោមយុទ្ធសាស្ត្រទាំង៥ នៃគោលនយោបាយយុទ្ធសាស្ត្រ បច្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន មានសមត្ថកិច្ច ក្នុងការទប់ស្កាត់ បង្ក្រាបជួញដូរនិងប្រើប្រាស់គ្រឿងញៀន និងករណីក្មេងទំនើងនៅក្នុងមូលដ្ឋាន ឱ្យកាត់តែមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍រួម នឹងដើម្បីថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ជូបប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាសហគមន៍ទាំងមូល ៕