ឯកឧត្តម អ៊ូច ភា អញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ដែលបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែនតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាង កងកម្លាំងប្រដាប់អាវុធទាំង៣ លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែនតាកែវ លោក អភិបាលស្រុកក្រុង សិស្ស និស្សិត ចូលរួមប្រមាណជាង ៣.០០០នាក់។
តាមរបាយការណ៍របស់ លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរំលេចឱ្យឃើញនូវ ការវិវត្តន៍រីកចម្រើននៃវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គួរឱ្យកោតសរសើរ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងកាអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ជាពិសេស ការខិតខំប្រឹងប្រែងអនុវត្ត «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» តាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺសិស្សដែលទទួលការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈត្រូវ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដោយបានធ្វើកិច្ចការជាច្រើនទាំងក្នុងដំណាក់កាលត្រៀមរៀបចំ និងក្រោយការប្រកាសដាក់ឱ្យអនុវត្តកម្មវិធី រហូតមកដល់បច្ចុប្បន្ន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញបេសកកម្ម និងអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីបុរេសកម្ម ក្នុងការអភិវឌ្ឍវិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ៕