អភិបាលរងខេត្តក្រចេះ៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្រោមអធិបតីភាពលោក ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក លោកមេឃុំ ចៅសង្កត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត យុវជន ដែលមានការគាំទ្រ ពីដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងសហការដល់ការរៀបចំទិវាជាតិក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ផងដែរ។
បើតាមលោក អ៊ុង គឹមភឿន នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន បានដឹងថា នៅឆ្នាំ២០២៤នេះ វិទ្យាស្ថានមានបណ្តុះបណ្តាលចាប់ពីកម្រិតC1 C2 C3 និងសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស(បរិញ្ញាបត្ររង) ដោយឡែកសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ១ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ វិទ្យាស្ថានបណ្តុះបណ្តាលតាមជំហ៊ានៗដែលមានរយៈពេល៤ខែ និងចុះកម្មសិក្សាមានរយៈពេល២សប្តាហ៍ និងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤មក បានពីរជំហានដែលមានសិស្ស៖ជំហានទី១ចំនួន៖១១៧នាក់ស្រី៤១នាក់ ជំហានទី២ចំនួន១៣៧នាក់ ស្រី៤៤នាក់។ C2=២០/០២នាក់ C3=០៥/០៥ នាក់ សញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១ចំនួន៦០/២២នាក់ និងឆ្នាំទី២ ចំនួន៤៥/២០នាក់ សរុបរួម៣៨៤នាក់ ស្រី១៣៤នាក់។
លោក ហង់ ចាន់ឌី អភិបាលរងខេត្ត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់។ ក្នុងនោះដែរការបណ្តុះបណ្តាលជំនាញទៅដល់យុវជននេះត្រូវស្របតាមអភិក្រមរបស់សម្តេចធិបតីគឺ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ ដោយធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា យុវជន យ៉ាងហោចណាស់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត ។
លោកអភិបាលរងខេត្ត បានបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើរតួនាទីសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេសជាតិ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែ ទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបាន ដោយងាយស្រួល និងបើកឱកាសឱ្យ ធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែង ណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋម្នាក់ៗ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ក៏កំពុងតែខិតខំ សម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ កម្មវិធី “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ៕