ក្រសួងមុខងារសាធារណៈ ប្រជុំរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា
ភ្នំពេញ៖ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញក្រសួងមុខងារសាធារណៈជាច្រើនរូប។
ស្របពេលដែលចំនួនបេក្ខជនដែលមានសិទ្ធិគ្រប់គ្រាន់ដើម្បីចូលរួមប្រឡងប្រជែងមានចំនួនរហូតដល់ ៣៨១៦៨នាក់ កិច្ចប្រជុំនារសៀលនេះបានពិភាក្សាយ៉ាងផុលផុសទៅលើការបែងចែកចំនួនបេក្ខជនដើម្បីប្រឡងប្រជែងការកំណត់កាលបរិច្ឆេទ ក៏ដូចជាការរៀបចំមណ្ឌលប្រឡង រួមទាំងការតាក់តែងវិញ្ញាសានិងការងារបច្ចេកទេសផ្សេងៗទៀត សំដៅដល់ការធានាឱ្យមានការប្រឡងប្រជែងស្របតាមគោលការណ៍ដែលមានចែង និងស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានដាក់ចេញ។
កិច្ចប្រជុំបានបញ្ចប់ជាមួយលទ្ធផលតាមរបៀបវារៈដូចបានគ្រោងទុក។ ក្រោយកិច្ចប្រជុំបញ្ចប់ ក្រុមការងារ នឹងរៀបចំរបាយការណ៍នៃកិច្ចប្រជុំដាក់ជូនទៅដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីដើម្បីពិនិត្យ ឆ្ពោះទៅការជូនដំណឹងដល់បេក្ខជន និងការអនុវត្តនីតិវិធីជាបន្តបន្ទាប់៕