លោកជំទាវ ហឹង ណារី វ៉ា ថន ជំរុញឱ្យលោកគ្រូអ្នកគ្រូ ត្រូវផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ ត្រូវតែជម្រុញតាមដាន និងមិនត្រូវឱ្យកូនៗបោះបង់ការសិក្សាឡើយ និងត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ហឹង ណារី វ៉ា ថន តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានយុវជន ស.ស.យ.ក.ខេត្ត អញ្ជើញដឹកនាំក្រុមការងារសាខាសមាគមនារីខេត្ត និងក្រុមការងារយុវជនខេត្ត-ស្រុក នាំយកសម្ភារៈចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ មាតាបិតា សិស្សានុសិស្ស ប្រមាណ៣៥០នាក់ និងនាំយកកូនឈើចម្រុះចំនួន ២០០ដើម មកប្រគល់ និងដាំលម្អសោភ័ណ្ឌ និងជាម្លប់ នៅភូមិសណ្តាយ(១០៥) ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងអន្តរជាតិ លើកទី៣៨។
ថ្លែងក្នុងឱកាសនោះលោកជំទាវ ហឹង ណារី វ៉ា ថន បានពាំនាំការផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ជូនចំពោះលោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្ស ដែលកំពុងបង្រៀន និងរៀន ពិសេសការជម្រុញលើកទឹកចិត្តកូនឱ្យមកចូលរៀនបានគ្រប់ៗគ្នា។
ជាមួយគ្នានោះ លោកជំទាវបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ព្រមទាំងផ្ដល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រកបរបរទទួលទានប្រចាំថ្ងៃក្រោមម្លប់សន្តិភាព។
លោកជំទាវបានបន្តថា ដោយមើលឃើញពីការខ្វះខាតរបស់លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សនៅសាលាបឋមសិក្សានេះ ក្រុមការងារយុវជន ស.ស.យ.ក ខេត្តនិងស្រុក បាននាំយកសម្ភារៈសិក្សាមួយចំនួនមកចែកជូន សម្រាប់ជួយសម្រាលការលំបាកមួយផ្នែក និងធ្វើយ៉ាងណាជំរុញឱ្យសិស្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ដោយក្នុងស្ថានភាពឋិតក្នុងវ័យកំពុងសិក្សានេះ តម្រូវការរបស់ក្មួយៗសិស្សានុសិស្ស គឺចាំបាច់ត្រូវមានសៀវភៅ និងប៉ិច ដែលជាកត្តាចម្បង។
ទន្ទឹមនោះ លោកជំទាវ ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូ ត្រូវផ្សព្វផ្សាយបន្ថែមដល់អាណាព្យាបាលទាំងអស់ ត្រូវតែជម្រុញតាមដាន និងមិនត្រូវឱ្យកូនៗបោះបង់ការសិក្សាឡើយ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវរួមគ្នាថែរក្សានូវទ្រព្យសម្បត្តិ និងសមិទ្ធផលដែលមាននៅក្នុងសាលា និងនៅក្នុងភូមិ ជាពិសេសត្រូវធ្វើយ៉ាងណារក្សាឱ្យបាននូវភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងត្រូវរស់នៅប្រកបដោយ អនាម័យខ្ពស់ និងបរិស្ថានស្អាត ដើម្បីបង្ការការពារពីការឆ្លងជំងឺផ្សេង ៕