ក្រសួងបរិស្ថាន រួមទាំងអាជ្ញាធរស្រុកកញ្ជៀច លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅខេត្តព្រៃវែង ចូលរួមអនុវត្តយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»
ភ្នំពេញ៖ ក្រសួងបរិស្ថានដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងបានសហការជាមួយ សមាគមយុវជនខ្មែរមហានគរ នៃបណ្ដុំអង្គការសមាគមសង្គមស៊ីវិល រដ្ឋបាលស្រុកកញ្ជ្រៀច លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាកញ្ជ្រៀច អាព្យាបាលសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៥ ខែមិនថុនា ឆ្នាំ ២០២៤ បានរៀបចំកម្មវិធី៖ ការចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម លើកទី១៤ ក្រោម ប្រធានបទ «បរិស្ថានស្អាត ខ្មែរធ្វើបាន» នៅ សាលាបឋមសិក្សាកញ្ជ្រៀច ស្ថិតក្នុងភូមិប្រស្រែមុខ ឃុំ កញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងបរិស្ថាន, លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល រួមនឹងអាជ្ញាធរខេត្ត លោក សឿង សុជាតិ អភិបាលនៃគណអភិបាស្រុកកញ្ជៀច លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋ សរុបប្រមាណ ៥០០ នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើង ថា ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ ទិស ដៅ ការងារ ជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅ ផ្លាស់ ប្តូរ ឥរិយាបទ និងទម្លាប់ការរស់នៅ ក្នុងភាពស្អាត បៃតង និងចីរភាព ដែលជាយុទ្ធសាស្រ្តអាទិភាព ចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាន បង្កើតឡើង ដោយ មានការ ណែនាំដ៏ ខ្ពង់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួម អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គការ សមាគម និងដៃគូ ក្នុងការចែករំលែកការស្រឡាញ់ និងការអប់រំបរិស្ថាន រួមជាមួយ ការសំអាតអនាម័យបរិស្ថាន ប្រមូលទុកដាក់សំរាមតាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងពិធី ដាំកូនឈើ នៅ តាម សាលារៀន បង្កើនភាពបៃតង បង្កើតជាម្លប់ កាត់បន្ថយការឡើងកម្តៅ ជាពិសេសបង្កើតសកម្មភាពមេត្រីបរិស្ថាន បណ្តុះផ្នត់គំនិត ពន្លកបៃតង ជាមួយសិស្សានុសិស្ស ដើម្បីអនាអតកម្ពុជាមានភាពស្រស់ស្អាត បរិស្ថានបៃតង និងការរស់នៅដោយចីរភាព ព្រមទាំងចូលរួម ជាមួយ រាជ រដ្ឋាភិបាល ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និង មានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕