រដ្ឋមន្ត្រីក្រសួងការងារ អញ្ជើញប្រកាសបិទទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមពិធីបិទទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅបំផុតគោរពជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការគាំទ្រយ៉ាងពេញទំហឹងដល់ការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង បានថ្លែងអំណរគុណ ដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កន្លងមក ជាពិសេស ការចូលរួមសហការក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ចំនួន១,៥ លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) ជាស្ពានចម្លងមួយដែលត្រូវការរយៈពេលខ្លី ប៉ុន្តែមានកម្មវិធីបង្រៀន ក៏ដូចជាម៉ោងរៀនបត់បែនដែលអាចផ្តល់ឱកាសដល់យុវជន ក៏ដូចជាកម្មករនិយោជិត ឬបុគ្គលទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធអាចជ្រើសរើស ជាកន្លែងសម្រាប់ បណ្តុះបណ្តាលជំនាញរបស់ខ្លួន ក៏ដូចជាសម្រាប់តម្លើងកម្រិតជំនាញបន្ថែមបាន ឬមួយក៏អាចធ្វើការផ្លាស់ប្តូរជំនាញទៅតាមអ្វីដែលខ្លួនចង់ផ្លាស់ប្តូរបាន។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីឱ្យកម្មវិធី TVET មានការគាំទ្រកាន់តែផុលផុសបន្ថែមទៀត ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើសកម្មភាពស្រុះគ្នា ទើបTVET អាចបញ្ជ្រាបទៅក្នុងទស្សនៈយុវជន និងសង្គម ហើយទទួលយក TVET ជាស្ពាន ជាថ្នាលដែលអាចធ្វើឱ្យជីវិត របស់ប្រជាពលរដ្ឋម្នាក់ៗ ដែលគ្មានជំនាញពីមុនក្លាយទៅជាអ្នកមានជំនាញមួយយ៉ាងតិចនៅក្នុងជីវិត។ ចំណែកអ្នកដែលធ្លាប់មានហើយក៏ដោយ ក៏អាចធ្វើការផ្លាស់ប្តូរជំនាញដើម្បីឱ្យខ្លួនឯង ក្លាយទៅជាមនុស្សម្នាក់ មានជំនាញមានផលិតភាពស្របតាមតម្រូវការទីផ្សារការងារ ស្របតាមរចនាសម្ព័ន្ធនៃសេដ្ឋកិច្ច និងការវិនិយោគថ្មីៗ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា៖ «យើងសង្ឃឹមថា យុវជនដែលទើបតែដល់វ័យ ចូលទីផ្សារការងាររើសជំនាញ TVET មួយដែលទីផ្សារកំពុងត្រូវការ ជំនាញដែលប្រើប្រាស់បច្ចេកវិទ្យា ជាជំនាញដែលប្រើប្រាស់បច្ចេកទេស ហើយធ្វើឱ្យខ្លួនគាត់អាចចាប់យកឱកាសការងារ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារល្អជាងមុន មិនប្រើកម្លាំងបាយដូចមុន»។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញថា អ្នកដែលបានចូលរួមទិវាជាតិក្នុងឆ្នាំនេះមានចំនួនសរុបប្រមាណ ៦ ម៉ឺន ៥ពាន់នាក់ ដែលមានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំដំបូងដែលមានអ្នកចូលរួមប្រមាណតែ ៣ម៉ឺននាក់ប៉ុណ្ណោះ ហើយកំណើនទ្វេគុណនេះបានបង្ហាញឱ្យយើងឃើញថា សាធារណជន និងអ្នកពាក់ព័ន្ធផ្សេងទៀត ជាពិសេសសិស្សានុ សិស្សបាននិងកំពុងងាកមកចាប់អារម្មណ៍លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែច្រើនជាងមុន។
សូមជម្រាបជូនថា ក្នុងទិវាជាតិនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥ និង១៦ ខែមិថុនានេះ។ ក្នុងទិវានេះ ក្រសួងបានរៀបចំឱ្យមានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ ខ្សែសង្វាក់ផលិតកម្ម ការធ្វើតេស្តវាយតម្លៃសមត្ថភាព ព្រមទាំងសមិទ្ធផល និងស្នាដៃផ្សេងៗ បង្កប់នូវគំនិតឆ្នៃប្រឌិត និងការបង្កើតថ្មីជាច្រើន ជាពិសេស ការបង្ហាញជូនដល់សាធារណជនបានទស្សនាដោយផ្ទាល់នូវរ៉ូបូតផលិតដោយក្រុមនិស្សិតខ្មែរ ដែលមានសមត្ថភាពអាចនិយាយឆ្លើយឆ្លងគ្នាបានរហូតដល់ ៦ភាសា។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាទាក់ទងនឹងប្រធានបទសំខាន់ៗជាច្រើន ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងព័ត៌មានអំពីឱកាសទទួលបានជំនាញ និងអត្ថប្រយោជន៍ផ្សេងៗពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ផងដែរ ៕