កម្ពុជា-តួកគី ខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលជាផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ប្រទេសតួកគីកាលពីថ្ងៃទី ២៨-២៩ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ។
ជាមួយគ្នានេះ កិច្ចប្រជុំបានផ្តោតលើការពិនិត្យឡើងវិញ និងតាមដាននូវវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមសំខាន់ៗដែលបានពិភាក្សាក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី។
ភាគីទាំងពីរក៏បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំមិនត្រឹមតែក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្វែងរកមធ្យោបាយថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការ ផងដែរ ៕