រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អង្គភាពថា្នក់ជាតិ ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការធ្វេសប្រហែស ដោយត្រូវឆ្លើយតប និងដោះស្រាយបញ្ហាឱ្យបានល្អ ទាន់ពេលវេលា និងត្រូវពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវចេះជួយគ្នា សាមគ្គីគ្នា ត្រូវមានទំនាក់ទំនងល្អរវាងបុគ្គលនិងបុគ្គល អង្គភាពនិងអង្គភាព ចូលរួមដោះស្រាយបញ្ហារួមគ្នា ជាពិសេសនូវកិច្ចការដែលត្រូវធ្វើ ដោយត្រូវយកចិត្តទុកដាក់ក្នុងការចាត់ចែងអនុវត្តឱ្យបានភ្លាមៗ ជៀសវាងការទុកយូរដោយមិនយកទៅអនុវត្ត ហើយត្រូវធ្វើការតាមដានជាប់ជាប្រចាំនូវការងារដែលបានដាក់ឱ្យអនុវត្ត ក៏ដូចជាត្រូវរាយការណ៍ត្រឡប់មកវិញភ្លាមៗ ជាបន្តបន្ទាប់ពីដើមដល់ចប់។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលតែងតែខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៕