ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល ខណៈខ្មាន់កាំភ្លើងមានងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា
ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងក្នុងបុរីប៉េងហួតបឹងស្នោរ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ ក្រោយរត់គេចខ្លួនប៉ុន្មានម៉ោង។ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបាននៅវេលាម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវកម្លាំងនគរបាលឡោមព័ទ្ធចាប់ខ្លួនបានហើយ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល រួមជាមួយរថយន្ដ និងកាំភ្លើងខ្លីសម្រាប់ធ្វើសកម្មភាព។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ក្រោយចាប់ខ្លួនបាន នៅពេលនេះខ្មាន់កាំភ្លើងកំពុងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្ដតាមនីតិវិធី។ ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ។
យោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងក៏មានងារជាឧកញ៉ាផងដែរ។ ជាមួយការឃាត់ខ្លួននេះ កម្លាំងនគរបាលដកហូតបានរថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លីមួយដើមសម្រាប់ធ្វើសកម្មភាព។ ក្រៅពីខ្មាន់កាំភ្លើងដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សចំនួន២នាក់ផ្សេងទៀតផងដែរ ដែលសង្ស័យពាក់ព័ន្ធករណីនេះ។
ដោយឡែក សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍នេះវិញ មានចំនួន៣នាក់ ក្នុងនោះស្ដ្រីម្នាក់ និងបុរស២នាក់។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នោះ មាន២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ បើតាមការបញ្ជាក់បន្ថែមថា រហូតមកដល់ពេលចាប់ខ្លួននេះជនរងគ្រោះ២នាក់ដែលជាគូដណ្ដឹងនឹងគ្នានោះ បានបាត់បង់ជីវិត ខណៈម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ ជំហានដំបូងបានឲ្យដឹងថា ដើមចមនៃហេតុការណ៍បាញ់ប្រហារដ៏រន្ធត់នេះ គឺផ្ដើមចេញពីទំនាស់អ្នកជិតខាង និងការប្រើប្រាស់ស្នួលហាលខោអាវ ព្រមទាំងការចតរថយន្ដ ៕