ស្នងការរាជធានីភ្នំពេញ៖ នគរបាលយុត្តិធម៌ កំពុងប្រមូលភ័ស្ដុតាង និងសាក្សីបន្ថែមទៀត ដើម្បីដាក់បន្ទុកឧកញ៉ា ស្រី ស៊ីណា ពីបទ «មនុស្សឃាតដោយចេតនា គិតទុកជាមុន»
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់បន្ថែមពីអំពីនីតិវិធីរបស់នគរបាលយុត្តិធម៌ ក្នុងសំណុំរឿងឃាតកម្មបាញ់សម្លាប់មនុស្ស នៅខណ្ឌច្បារអំពៅ ដែលបង្កដោយខ្មាន់កាំភ្លើងជាឧកញ៉ា ឈ្មោះ ស្រី ស៉ីណា។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា នៅពេលនេះមន្ដ្រីនគរបាលយុត្តិធម៌ កំពុងតែបន្ដនីតិវិធីតាមជំនាញ ដោយត្រូវរៀបចំកសាងសំណុំរឿង ប្រមូលសាក្សី និងភ័ស្ដុតាងបន្ថែមមួយចំនួនទៀត ដើម្បីដាក់បន្ទុកឧកញ៉ា ស្រី ស៉ីណា ពីបទ “មនុស្សឃាតដោយចេតនា គិតទុកជាមុន”។ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា “ករណីឃាតកឧកញ៉ា ស្រី ស៉ីណា ខាងសមត្ថកិច្ចបានរៀបចំសំណុំរឿង សាក្សី ភ័ស្ដុតាងមួយចំនួន ដោយអនុវត្តនូវវិធានការច្បាប់យ៉ាងតឹងរឹងបំផុត។ ការងាររបស់នគរបាល គឺប្រមូលសាក្សី ភ័ស្ដុតាងដាក់បន្ទុកមួយចំនួនដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ និងចោទប្រកាន់ពីបទ (មនុស្សឃាតដោយចេតនា គិតទុកជាមុន)”។ សូមបញ្ជាក់ថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។ ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ ដូចជា៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។ ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។ ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៉ីណា ដោយមិនខ្លាចញញើតច្បាប់បែបនេះ សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ។ ទោះបីជាយ៉ាងណាក៏ដោយសមាគមឧកញ៉ាកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងគោរមវន្តទាំងអស់នៅកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ដើម្បីធានាពីកេរ្តិ៍ឈ្មោះ កិត្តិយស កិត្យានុភាព ឧត្ដមភាព និងសេចក្តីថ្លៃថ្នូរនៃគោរមងារឧកញ៉ា នឹងបន្តចាត់វិធានការគ្រប់បែបយ៉ាង និងស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យឈ្មោះ ស្រី ស៊ីណា ក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ ៕