អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងអន្តរាគមន៍បើកទឹកពីទំនប់ទី៥ ដើម្បីជួយសង្គ្រោះស្រូវវស្សាប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹកនៅតំបន់មួយចំនួន ក្នុងស្រុកកណ្តៀង
ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ ការបង្កបង្កើនផលស្រូវដើមរដូវ និងអន្តរាគមន៍បើកទឹកពីទំនប់ទី៥ ដើម្បីជួយសង្គ្រោះស្រូវវស្សាប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹក ខណៈដែរភ្លៀងធ្លាក់មិនគ្រប់គ្រាន់ នៅតំបន់មួយចំនួន ក្នុងឃុំស្យា ឃុំអន្លង់វិល និងឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ បើតាមលោក ឡាវ សុខា អនុប្រធានមន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរបានបើកប្រើប្រាស់ប្រភពទឹក ពីទំនប់ទី៥ ដែរបច្ចុប្បន្នមានទឹកប្រមាណតែ៩០% នៃអានុភាពស្តុកទឹក ២៤,៥លានម៉ែត្រគូប ដោយបើកកម្ពស់ប្រមាណ ០,៤ម៉ែត្រ ទាំងពីរទ្វារ តាមដងស្ទឹងពោធិ៍សាត់ ហូរកាត់ទំនប់ធារាសាស្ត្រដំណាក់អំពិល ដល់ទំនប់ចារឹក និងបើកតាមប្រឡាយមេ ប្រឡាយក្អែបជាច្រើន ដើម្បីជួយសង្រ្គោះស្រូវប្រជាពលរដ្ឋ នៅតំបន់មួយចំនួន ក្នុងស្រុកកណ្តៀង ដែលជួបកង្វះខាតទឹក។ លោកអនុប្រធានមន្ទីរ បានបន្ថែមថា មិនយូរទេនាល្ងាចស្អែក ទឹកនឹងមកដល់ ហើយមន្ទីរក៏នឹងប្រើប្រាស់ ស្ថានីយបូមទឹករបស់សម្តេចតេជោ ហ៊ុន សែន និងស្ថានីយបូមទឹកប្រើដោយពន្លឺព្រះអាទិត្យ ដើម្បីអន្តរាគមន៍បន្ថែម ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋផងដែរ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការចុះមកនាពេលនេះ គឺជាការឆ្លើយតបភ្លាមៗតាមសំណូមពររបស់ប្រជាពលរដ្ឋ ជាក់ស្តែងយើងពិនិត្យជារួម ស្ថានភាពកង្វះខាតទឹកធ្វើស្រែដើមរដូវនេះ គឺមិនខុសពីតំបន់ផ្សេងនោះទេ ដូច្នេះហើយបានជាម្សិលមិញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកក៏បានណែនាំដល់មន្ទីរជំនាញ ឱ្យបើកទឹកពីទំនប់ទី៥ ទាំងពីរទ្វារ ដើម្បីមកជួយសង្គ្រោះស្រូវវស្សា របស់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក។ ឯកឧត្តមអភិបាលខេត្តបានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវរួមសហការគ្នា ចុះតាមដានស្ថានភាព នៃការបើក និងបិទទ្វាទឹកដើម្បីបញ្ជូនទឹកឱ្យដល់គោលដៅដែលប្រឈមខ្លាំង។ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ស្រូវគឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនខ្មែរ ក្នុងការហូបចុកប្រចាំថ្ងៃ និងការនាំចេញទៅកាន់ប្រទេសជាច្រើន នៅលើពិភពលោក ដែលត្រូវការអង្ករកម្ពុជា។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធី «ស្តង់ដារនិរន្តរភាពស្រូវនៅកម្ពុជា (SRP)» ដែលជាកម្មវិធីដ៏សំខាន់មួយ ក្នុងការជំរុញផលិតកម្មស្រូវ ឱ្យកាន់តែមានស្តង់ដារ មាននិរន្តភាព និងការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងបានផ្លាស់ប្តូរសេដ្ឋកិច្ចគ្រួសារប្រជាកសិករ បានមួយផ្នែកធំផងដែរ។ សម្រាប់ស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់ គឺជាស្រុកដែលឈ្នះដាច់គោលនយោបាយទូទាំងប្រទេស ហើយក៏ជាស្រុកអាទិភាពមួយ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជូននូវសមិទ្ធផលជាច្រើន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទីនេះ។ គួរជម្រាបជូនថា គិតមកត្រឹមថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ល្បឿននៃការងារបង្កបង្កើនផលស្រូវដើមរដូវវស្សា ទូទាំងខេត្តពោធិ៍សាត់ សម្រេចការងារភ្ជួររាស់បាន ៨៧,៨០៤ហិកតា, អនុវត្តដាំដុះបាន ៦៣,៣៤៨ហិកតា ស្មើនឹង ៥០,៥៨% នៃផែនការប្រចាំឆ្នាំសរុប ១២៥,២៤០ហិកតា ៕