លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីអញ្ជើញចូលរួមកិច្ចប្រជុំតុមូលនៃនាយកប្រតិបតិ្តមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-អូស្ត្រាលីលើកទី ៧
ព្រឹកថ្ងៃទី ១៨ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក Li Qiang នាយករដ្ឋមន្ត្រីចិននិងលោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលីបានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលនៃនាយកប្រតិបតិ្តមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិន-អូស្ត្រាលីលើកទី ៧ នៅទីក្រុង Perth ព្រមទាំងថ្លែងសុន្ទរកថា ។ថ្លែងក្នុងសុន្ទរកថា លោក Li Qiang បានលើកឡើងថា ឧត្តមភាពផ្នែកសេដ្ឋកិច្ចចិននិងអូស្ត្រាលីមានការបំពេញបន្ថែមគ្នាទៅវិញទៅមក ពោលគឺជាដៃគូសហប្រតិបត្តិការ ដ៏សំខាន់។ កិច្ចសហប្រតិបត្តិការរវាងចិននិងអូស្ត្រាលីមានអនាគតយ៉ាងទូលំទូលាយដែលជាកម្លាំងដ៏សំខាន់សម្រាប់លំនឹងខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មនិងជំរុញកំណើនសេដ្ឋកិច្ច ។ លោករំពឹងថា សហគ្រិននៃប្រទេសទាំងពីរនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ខិតខំត្រួសត្រាយវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការដើម្បីរួមចំណែកជាកម្លាំងចលករក្នុងការជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើវិស័យដ៏ទូលំទូលាយរវាងចិននិងអូស្ត្រាលី ។
លោក Anthony Albanese បានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលី ហើយការអភិវឌ្ឍរបស់ចិនបាននាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីដល់ប្រទេសអូស្ត្រាលី ។ អូស្ត្រាលីមានឆន្ទៈក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យដូចជាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម សារធាតុរ៉ែ នវានុវត្តន៍ ការគាំពារស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្មនិងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុជាដើមដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ក៏ដូចជាផ្តល់ផលប្រយោជន៍និងសុខសុភមង្គលជូនដល់ប្រជាជននៃប្រទេសទាំងពីរ ៕