ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បង្ហាញពីលទ្ធផល នៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតី ទៅកាន់សិង្ហបុរី
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញសមិទ្ធផលសំខាន់ៗ នៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាធារណរដ្ឋសិង្ហបុរី ក៏ដូចជាលទ្ធផល នៅក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ជាមួយមេដឹកនាំថ្នាក់ដឹកនាំសិង្ហបុរីផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា ប្រទេសសិង្ហបុរីជាប្រទេសទី៥ ក្នុងចំណោមសមាជិកអាស៊ាន ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ច ហើយនេះក៏ជាជំនួបលើកដំបូងរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីថ្មី នៃសាធារណរដ្ឋសិង្ហបុរីផងដែរ។
ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ អ្វីដែលសំខាន់ គឺភាគីទាំងពីរមានគូសបញ្ជាក់រួមគ្នានូវភាពរឹងមាំ និងយូរអង្វែងនូវទំនាក់ទំនង រវាងគ្នា ត្បិតចំណងការទូតកម្ពុជា-សិង្ហបុរី នឹងមានអាយុ៦០ឆ្នាំ នៅឆ្នាំក្រោយ២០២៥ ក្នុងន័យនេះកម្ពុជា-សិង្ហបុរី ឯកភាពគ្នាបន្តពិគ្រោះថ្នាក់នយោបាយ ជាទៀងទាត់រវាងក្រសួងការបរទេសកម្ពុជា និងក្រសួងការបរទេសសិង្ហបុរី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅលើគ្រប់វិស័យសំខាន់ៗមួយចំនួន។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានថ្លែងថា តាមរយៈជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំសិង្ហបុរី គឺបានផ្តោតសំខាន់លើវិស័យពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ ភាគីកម្ពុជា ស្នើឱ្យក្រសួងពាណិជ្ជកម្ម និងស្ថានទូតសិង្ហបុរី នៅកម្ពុជា បន្តសន្ទនាគ្នាជាប្រចាំ ដើម្បីបន្តផ្លាស់ប្តូរព័ត៌មាន នៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា ភាគីកម្ពុជា ក៏បានស្នើឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារស្បៀងអាហារសិង្ហបុរី បន្តពង្រឹងសហប្រតិបត្តិការរវាងគ្នា ពីព្រោះកម្ពុជា អាចជួយផ្គត់ផ្គង់អង្ករ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ។ល។ និង។ល។ ដល់សិង្ហបុរី ដែលត្រូវពង្រឹងជាប្រចាំសមត្ថភាពរបស់ខ្លួននៅក្នុងវិស័យសន្តិសុខស្បៀងអាហារ។ ធ្វើបែបនេះនឹងអាចឱ្យសិង្ហបុរី និងកម្ពុជា នឹងអាចបង្កើនបរិមាណនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា ដែលកាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ បានកើនជាលំដាប់។
នៅលើវិស័យទំនាក់ទំនងប្រជាជន និងប្រជាជន, ឯកឧត្តម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានឱ្យដឹងថា កម្ពុជា-សិង្ហបុរី បានប្តេជ្ញាបន្តធ្វើការឱ្យកាន់តែជិតស្និទ្ធសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា។ ដោយក្នុងនោះសិង្ហបុរី បានសន្យាជួយកម្ពុជា កសាងមូលធនមនុស្ស។ កម្ពុជា និងសិង្ហបុរី ក៏បានអបអរសាទរនូវចំនួនអ្នកទេសចរណ៍សិង្ហបុរី អញ្ជើញទៅទស្សនានៅកម្ពុជា និងចំនួនទេសចរណ៍កម្ពុជា ទៅទស្សនានៅសិង្ហបុរី។
ចំពោះវិស័យសន្តិសុខ និងថាមពល, កម្ពុជា និងសិង្ហបុរី បានរួមគ្នាអបអរសាទរ ចំពោះដំណើរការទៅមុខរលូនល្អនូវគម្រោងខ្សែបញ្ជូនថាមពលអគ្គិសនី តាមដីគោក នឹងបន្ទាបមកទៀតបាតសមុទ្រឡាវ កម្ពុជា និងសិង្ហបុរី។
ចំពោះវិស័យការពារ និងសន្តិសុខ, កម្ពុជា និងសិង្ហបុរី សម្រេចពង្រឹងសហប្រតិបត្តិការរវាងគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មតាមអ៉ិនធឺណែត និងការឆបោកតាមប្រព័ន្ធអ៉ីធឺណែតជាដើម។ កម្ពុជា ក៏បានបញ្ជាក់ប្រាប់សិង្ហបុរីថា ខ្លួនបានត្រៀមខ្លួនពង្រឹងសហប្រតិបត្តិការយោធា ជាអាទិ៍ រវាងបណ្តាអង្គភាពកងទ័ព ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម។
កម្ពុជា និងសិង្ហបុរី ក៏បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមកម្ពុជា និងក្រសួងទូរគមនាគម និងព័ត៌មានសិង្ហបុរី។ ព្រមទាំងបានប្រកាសដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី ៕