សម្តេចធិបតី៖ ពលរដ្ឋកម្ពុជានៅតែចងចាំជានិច្ចចំពោះកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានចូលរួមជួយកម្ពុជា ចេញពីរបបប៉ុលពត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពលរដ្ឋកម្ពុជានៅតែចងចាំជានិច្ចនូវសច្ចភាពជាប្រវត្តិសាស្ត្រចំពោះកងទ័ពស្ម័គ្រចិត្ត និង ជំនាញការវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ចូលរួមជួយកម្ពុជា នៅក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដឹងគុណជានិច្ច ចំពោះការលះបង់គ្រប់បែបយ៉ាងរបស់ជនរួមជាតិទាំងអស់ ដែលឆ្លុះបញ្ចាំងតាមរយៈការរៀបចំព្រឹត្តិការណ៍ទិវានៃការចងចាំនេះ ជារៀងរាល់ឆ្នាំ ដើម្បីអរគុណពុកម៉ែ បងប្អូន ក្មួយៗអ្នកភូមិកោះថ្ម ដែលតែងមានការជឿជាក់ចំពោះ សម្តេចតេជោ ហ៊ុន សែន តាំងពីដើមមក ចាប់តាំងពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ហើយនឹងដល់ឆ្នាំ១៩៧៧។
សម្តេចធិបតី បានបន្តថា ការប្រារព្ធខួបលើកទី៤៧នៃដំណើរឆ្ពោះទៅរកការរំដោះជាតិនាពេលនេះ ជាស្មារតីចងចាំជានិច្ច ដើម្បីរំលឹកដល់គំរូវីរភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជា ពលរដ្ឋទាំងអស់ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ជាមួយគ្នានោះ សម្តេចធិបតី បានគូសបញ្ជាក់ថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់ យុទ្ធជន-យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បាននាំឱ្យកម្ពុជា អាចរំដោះមាតុភូមិដ៏កម្សត់ពីរបបប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងរបស់ប៉ុលពត និងនាំឱ្យកម្ពុជាកសាងបានសុខសន្តិភាព ស្ថិរភាពសង្គមជាតិ និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ ៕