សម្តេចធិបតី អំពាវនាវដល់ពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវសាមគ្គីគ្នា រួមចិត្តតែមួយ ដើម្បីថែរក្សាសន្តិភាពដែលរកបានមកដោយលំបាកបំផុតនេះឱ្យបានគង់វង្ស ឋិតថេរ ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេចអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ បុព្វបុរស យុទ្ធជន យុទ្ធនារី កុលបុត្រ កុលធីតាខ្មែរ អ្នកស្នេហាជាតិគ្រប់រូប គ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជាជាទីស្នេហា និង បុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ ប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈចលនាតស៊ូ និងការបំពេញភារកិច្ចគ្រប់បែបយ៉ាងឆ្លង កាត់គ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្ររហូតឈានដល់ការសម្រេចបានសមិទ្ធផលធំៗជាច្រើន សម្រាប់ប្រទេសជាតិ ថែរក្សាការពារបានរឹងមាំនូវសុខសន្តិភាព អធិបតេយ្យ ឯករាជ្យជាតិ និងការអភិវឌ្ឍ។
សម្តេចធិបតី ក៏បានប្រកាសដឹងគុណ និងគុណូបការៈយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទ្ទេសក៍ឯក ក៏ដូចជា ប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានធ្វើពលិកម្មដ៏ធំធេង រហូតដល់ការសម្រេចបានសុខសន្តិភាពពេញលេញ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ជាឧត្តមប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា ៕