សម្តេចធិបតី រំលឹកថាទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន៣
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញប្រារព្ធខួប៤៧ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍រំលឹកថា ទំព័រប្រវត្តិសាស្ត្រ បានតភ្ជាប់ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ដែលបានកំណត់ចែកចេញជាដំណាក់កាលធំៗចំនួន៣ រួមមាន៖
-ដំណាក់កាលទី១៖ គឺចាប់ផ្តើមពីចលនាតស៊ូនៅក្នុងដំណើរឈានឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាថ្ងៃចាប់ផ្តើមនៃចលនាតស៊ូ ប្រឆាំងរើបម្រះពីរបបដឹកនាំរបស់ប៉ុលពត ដែលចលនានោះ មានសម្តេចតេជោផ្ទាល់ និងយុទ្ធមិត្តតិចតួចប៉ុណ្ណោះ ចេញពីតំបន់កោះថ្ម X16 ព្រំដែនវៀតណាម ឈានទៅការបង្កើតកងកម្លាំងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានឈ្មោះកាត់ថា «ក១២៥» ដែលជាអង្គការចាត់តាំងយោធាដំបូង និងការបង្កើតអង្គការចាត់តាំងនយោបាយដំបូង គឺរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ឈានទៅសម្រេចជ័យជម្នះក្នុងការសង្គ្រោះ និងរំដោះ ប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាស្ថាពរនៅថ្ងៃ «៧ មករា ឆ្នាំ១៩៧៩»។
-ដំណាក់កាលទី២៖ គឺជាដំណាក់កាលនៃការការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញ ចេញពីចំណុចសូន្យ ដោយដៃម្ខាងកាន់អាវុធការពារ ទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ប៉ុលពត ហើយ ដៃម្ខាងទៀតខិតខំកសាងប្រទេសជាតិ រហូតឈានដល់ ដំណាក់កាលចរចាផងប្រយុទ្ធផង រហូតសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស «២៣ តុលា ១៩៩១» និងឈានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជានាំមកនូវសុខសន្តិភាព និងឯកភាពទឹកដីពេញលេញជាប្រវត្តិសាស្ត្រ ដែលកម្ពុជាពុំ ធ្លាប់មានអស់រយៈកាលជាង ៥០០ឆ្នាំកន្លងទៅ។
-ដំណាក់កាលទី៣៖ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា ៕