សម្តេចធិបតី៖ នយោបាយឈ្នះ-ឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាមូលដ្ឋានជំនឿទុកចិត្តរបស់ពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតសកល និងអសកល
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននយោបាយឈ្នះ-ឈ្នះ នៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ជនឱកាសនិយមនៅកម្ពុជា និងជាមូលដ្ឋានជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតសកល និងអសកល រួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ។
ក្នុងឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ និងបញ្ចុះបឋមសិលាសាងសង់អគារទទួលភ្ញៀវ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 នាថ្ងៃទី២០ មិថុនានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលមានលក្ខណៈ ប្តូរផ្តាច់ក្នុងការប្រឆាំងជាមួយនឹងបដិវត្តន៍ពណ៌ ពោលគឺជាដំណាក់កាលថែរក្សាការពារសន្តិភាព ដែលជាបុព្វបទនៃការអភិវឌ្ឍប្រទេសជាតិ និង ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ។
សម្ដេចធិបតី បន្ដថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូង នៅថ្ងៃទី១២ ឧសភា ១៩៧៨, និងការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។ មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងប្រទេស។ នេះ គឺជាសច្ចភាពប្រវត្តិសាស្ត្រ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននោះឡើយ។
សម្ដេចធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះ-ឈ្នះ ដែលសម្តេចបានខិតខំយកអស់ពីកម្លាំងកាយចិត្ត និងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចង្អុលបង្ហាញរៀបចំ ការកសាងតំបន់នេះតាំងពីថ្ងៃដំបូង និង បានផ្តួចផ្តើមរៀបចំប្រារព្ធពិធីជាប្រវត្តិសាស្ត្រនេះ ជារៀងរាល់ឆ្នាំ ដើម្បីដឹងគុណូបការៈដ៏ថ្លៃថ្លារបស់យុទ្ធជន-យុទ្ធនារីស្នេហាជាតិ ដែលបានធ្វើ ពលិកម្ម ដោយវីរភាព ដើម្បីជាតិមាតុភូមិ ៕