ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីលំហូរការងាររដ្ឋបាល ការរៀបចំរថយន្តផ្ដល់សេវាចល័តការរៀបចំទីតាំងផ្ដល់សេវា និងបញ្ហាប្រឈមលើសេវាអត្តសញ្ញាណកម្ម
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីលំហូរការងាររដ្ឋបាល ការរៀបចំរថយន្តផ្ដល់សេវាចល័តការរៀបចំទីតាំងផ្ដល់សេវា និងបញ្ហាប្រឈមលើសេវាអត្តសញ្ញាណកម្ម។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត អគ្គនាយក បានមានមតិស្វាគមន៍ ដល់ឯកឧត្តម អគ្គនាយករង អស់លោក លោកស្រីដែលមានវត្តមានក្នុងអង្គប្រជុំនៅព្រឹកនេះ កិច្ចប្រជុំនេះគឺធ្វើឡើងដើម្បីពិនិត្យពិភាក្សា កែសម្រួល និងជជែកលម្អិតអំពី៖ ទី១ ការងាររដ្ឋបាល, ទី២ ការរៀបចំថេយន្តចល័ត, ទី៣ ការពិនិត្យទីស្នាក់ការផ្ដល់លិខិតឆ្លងដែននៅខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប, ទី៤ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរហួសសុពលភាព, ទី៥ ជំរើសនៃការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរតិចជាង ៣០ថ្ងៃ, ទី៦ ការងារក្រុមប្រចាំការសេវាកម្មអត្តសញ្ញាណកម្ម និងប្រតិកម្មរហ័ស, ទី៧ ការចេញឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល, និងទី៨ បញ្ហាផ្សេងៗ ទាក់ទងការរៀបចំសណ្តាប់ធ្នាប់នៅក្នុងអង្គភាព ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ព្រមទាំងមន្រ្តីជំនាញចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ ៕