សម្តេចធិបតី៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ក្នុងនោះវិស័យសុខាភិបាលជាអាទិភាពគន្លឹះមួយ ជាពិសេសក្នុងគោលដៅធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពរឹងមាំ ប្រកបដោយបញ្ញាស្មារតី និងទទួលបានការអប់រំល្អប្រសើរ។
សម្ដេចធិបតីបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។
នៅក្នុងជំនួបសម្តេចធិបតីបានគូសរំលេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំប្រព័ន្ធសុខាភិបាលឱ្យកាន់តែល្អប្រសើរ តាមរយៈការកែលម្អមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មណ្ឌលសុខភាព ក៏ដូចជាការកសាងនូវមន្ទីរពេទ្យតំបន់ ដែលគ្រោងនឹងរៀបចំឱ្យមានលក្ខណៈល្អប្រសើរ ដោយចាប់ផ្តើមសាកល្បងដំណើរការមន្ទីរពេទ្យតំបន់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម។
សម្តេចធិបតីបានសង្កត់ធ្ងន់ផងដែរថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់លើការពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (Universal Health Coverage) ដែលផ្តោតលើការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសុខភាពសង្គម និងការពង្រឹងសមត្ថភាពថែទាំបឋម នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក រួមជាមួយការលើកកម្ពស់គុណភាពសេវាថែទាំសុខភាព។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្ត «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥»៕