ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ មេត្តាប្រុងប្រយ័ត្ន ពីព្រោះមានជនខិលខូចមួយចំនួនយកក្រដាស់ប្រាក់ក្លែងក្លាយមកចាយនៅលើទីសាធារណៈ
ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ឌួង សុជាតិ នាយកធនាគារជាតិនៃកម្ពុជា សាខាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ក្រដាស់ប្រាក់ក្លែងក្លាយ នៅសាលប្រជុំតូចរបស់ស្នងការនគរបាលខេត្តតាកែវ ដោយមានការចូលរួមពីៈ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញពាក់ព័ន្ធ និងបុគ្គលិកជាមន្រ្តីបច្ចេកទេសធនាគារជាតិកម្ពុជា។
ថ្លែងក្នុងកិច្ចប្រជុំនោះលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវទាំងមូល ជាពិសេសអាជីវករលក់ដូរអីវ៉ាន់ កន្លែងប្តូរប្រាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារផ្សេងៗដែលមានទីតាំងនៅខេត្តតាកែវ និងតាមបណ្តាក្រុង ស្រុកទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ពីព្រោះមានជនខិលខូចមួយចំនួនធ្វើចរាចរយកក្រដាស់ប្រាក់ក្លែងក្លាយយកមកធ្វើការចាយវាយនៅលើទីសាធារណៈដូចជា៖ ក្រដាស់ប្រាក់ ៥០,០០០៛(ប្រាំម៉ឺនរៀល) ក្រដាស់ប្រាក់ ២០,០០០៛ (ពីរម៉ឺនរៀល) ក្រដាស់ប្រាក់ ១០,០០០៛ (មួយម៉ឺនរៀល) និងក្រដាស់ប្រាក់ ៥,០០០៛ (ប្រាំពាន់រៀល) យោងតាមការបញ្ជាក់របស់លោកឌួង សុជាតិ នាយកធនាគារជាតិកម្ពុជា សាខាខេត្តបានឲ្យដឹងថា។
ដូច្នេះស្នងការដ្ឋាននគរបាលខេត្ត បន្តកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវមុខសញ្ញា និងស្វែងរកទីតាំងអ្នកផលិតក្រដាស់ប្រាក់ក្លែងក្លាយយកមកផ្តន្ទាទោសតាមច្បាប់ ៕