កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ចូលរួមហ្វឹកហាត់ការពារជួយសង្គ្រោះគ្រោះមហន្តរាយ ជាមួយកងទ័ពថៃ ស្ថិតនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ
ភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ កងកម្លាំងអង្គភាព កងពលតូចថ្មើរជើងលេខ៥១ ចំនួន៣០នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចូលរួមហ្វឹកហាត់ការ ការពារជួយសង្គ្រោះគ្រោះមហន្តរាយ និងលេងកីឡា ជាមួយកងទ័ពថៃ ស្ថិតនៅសាលារៀន អផប៉.ខ្លងណាមសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ការហ្វឹកហាត់នេះមានរយះមួយថ្ងៃ ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ បច្ចេកទេស លក្ខណៈស្តង់ដា និងបែបវិទ្យាសាស្រ្ត រួមជាមួយគ្នាដើម្បីពង្រឹងសមត្ថភាព ការងារជួយសង្គ្រោះគ្រោះមហន្តរាយ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរស់នៅតាមបន្ទាត់ព្រំដែន ដោយភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបពិថីប និមីត មេបញ្ជាការ កងកម្លាំងបូព៌ាថៃ ត្រូវបញ្ចប់នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ភាគីថៃ ដែលបានអនុញាតិឲ្យភាគីកម្ពុជាបានចូលរួមគ្នា ដើម្បីដកស្រង់បទពិសោធន៍ ដើម្បីធានាឲ្យកិច្ចការងារជួយសង្គ្រោះអាយុជីវិតមនុស្ស និងសម្ភារ បានលឿន រហ័ស ទាន់ពេលវេលា និងសុវត្ថិភាព ឆ្លើយតបនូវសេចក្តីត្រូវការចំបាច់និងបន្ទាន់ និងតាមបទបញ្ជាថ្នាក់លើ៕