ក្រុមប្រឹក្សាខេត្តក្រចេះ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថៃ្ងទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តក្រចេះបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក លោក លោកស្រី នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញជុំវិញខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ និងទីចាត់ការ-អង្គភាពចំណុះរដ្ឋបាលខេត្តក្រចេះ ។
ផ្អែកតាមបទប្បញ្ញត្តិមាត្រា៧០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានតម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីប្រកាសចូលកាន់តំណែង។
កិច្ចប្រជុំមានរបៀបវារៈរួមមាន៖
១).ការផ្សព្វផ្សាយ អំពីសេចក្តីណែនាំលេខ ០២៤ សណន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត
២).ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសម្រាប់រយៈពេល១២ខែ(ដប់ពីរខែ) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២
៣).របាយការណ៍ស្តីពីលទ្ធផលការងាររបស់រដ្ឋបាលខេត្ត ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត និងការងារសេសសល់ ទិសដៅការងាររយៈពេល០៣ខែ សម្រេចដោយក្រុមប្រឹក្សាផុតអាណត្តិ ដែលត្រូវអនុវត្តបន្ត។
៤).បញ្ហាផ្សេងៗ ពិភាក្សាលើចំណុចមួយចំនួន ៕