អភិបាលខេត្តកណ្តាល អំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម គង់ សោភ័ណ្ឌ បានអំពាវនាវបែបនេះក្នុងឱកាសអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ “ស្ពានជោគជ័យ” ប្រវែង៣០ម៉ែត្រ ទទឹង០៧ ម៉ែត្រ ស្ថិតនៅក្នុងភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងអាមេ ហៅ “ស្ពានជោគជ័យ” នៅភូមិពាមផ្ទោលកើត ឃុំលើកដែក ស្រុកកោះធំ នាពេលនេះ គឺបានប្រព្រឹត្តិទៅ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងការអភិវឌ្ឍ ដែលបានផ្តល់ឱកាសដល់យើងទាំងអស់គ្នាបានជួបជុំគ្នា ទទួលនូវសមិទ្ធផលនានាលើគ្រប់វិស័យ ពិសេសវិស័យសាធារណការ និងដឹកជញ្ជូន សម្រាប់តភ្ជាប់ចរាចរណ៍ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាពខ្ពស់ និងបរិយាប័ន្ន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានចូលរួមអបអរសាទរ ដល់ប្រជាពលរដ្ឋ នៅឃុំលើកដែក ដែលទទួលបានផ្លូវ និងស្ពាន សម្រាប់ធ្វើដំណើរ ប្រកបអាជីវកម្ម និងដឹកជញ្ជូន។ កត្តាសុខសន្តិភាព ដែលជាចលករមួយដែលជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ផងដែរ។
ជាមួយគ្នានោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសុខសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា៕