ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអនុវត្តការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីជំរុញការអនុវត្តការងារមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ពីសហរដ្ឋអាមេរិក និងពិភាក្សាអំពីរបៀបរបបនៃការងារកំណត់អត្តសញ្ញាណពលរដ្ឋខ្មែរ ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញដែលពាក់ព័ន្ធចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងអស់លោក តំណាងក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តជាតិ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងក្រសួងយុត្តិធម៌ផងដែរ ៕