ឃាត់ខ្លួនក្រុមក្លែងបន្លំ ធ្វើជានគរបាល ក្រោយធ្វើសកម្មភាពចាប់ជំរិតមនុស្ស ៣នាក់
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ដែលបានក្លែងភេទជានគរបាល ។
ធ្វើសកម្មភាពចាប់និស្សិតស្រីម្នាក់ វាយខ្នោះដៃជំរិតទារប្រាក់ចំនួន៥០០ដុល្លារ ព្រមទាំងប្លន់យកម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ១គ្រឿង ។ មិនតែប៉ុណ្ណោះបានបង្ខាំងព្រះសង្ឃ១អង្គទៀត នៅក្នុងផ្ទះមួយកន្លែងជាមួយនារីរងគ្រោះខាងលើ ហើយក្រុមជនសង្ស័យនេះក៏ក្លែងឯកសារសាធារណៈ និងប្រើប្រាស់លិខិតក្លែងផងដែរ ។ ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងផ្ទះចាំចម្ការមួយកន្លែង ស្ថិតនៅតាមផ្លូវទំនប់សណ្តរស្ទឹងព្រែកត្នោត នៅក្នុងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោរាជធានីភ្នំពេញ ។
ជនសង្ស័យទី១-ឈ្មោះ ជ្រឹង វេហា ហៅភោគ ភេទប្រុស អាយុ១៨ឆ្នាំ ទី២-ឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ ។ ទី៣-ឈ្មោះ ខូវ រច្ចនា ភេទស្រី អាយុ១៩ឆ្នាំ ជនជខ្មែរ មានទីលំនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ដោយឡែក ជនរងគ្រោះ១-ឈ្មោះ សាន ពិសី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត មានទីលំនៅភូមិ ដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ២-ព្រះសង្ឃនាម ចាន់ ផលិត ព្រះជន្ម១៩វស្សា គង់នៅក្នុងវត្តកំពង់ក្ដុល ស្ថិតនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ និស្សិតស្រីរូបនោះបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាប៊ីត ពណ៌ខៀវ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HU-2504 ចេញពីផ្ទះ ដើម្បីយកសៀវភៅទៅប្រគេនព្រះសង្ឃនាម ចាន់ ផលិត ។ ដោយព្រះសង្ឃអង្គនោះបានប្រាប់ឱ្យនាងទៅជួបនៅផ្ទះចាំចម្ការកើតហេតុខាងលើ ដែលព្រះអង្គបានស្គាល់គ្នាជាមួយបុរសអ្នកចាំចម្ការម្នាក់ឈ្មោះ ប៊ុត សាវី អាយុ៦៥ឆ្នាំ ។
កន្លងមកនាងរងគ្រោះក៏ធ្លាប់យកសៀវភៅទៅប្រគេនព្រះអង្គនៅផ្ទះនោះពីមុនមកដែរ ប៉ុន្តែនៅថ្ងៃកើតហេតុបុរសដែលជាអ្នកចាំចម្ការខាងលើមិននៅផ្ទះទេ មិនដឹងថា គាត់នៅជិតនោះដែរ ឬយ៉ាងណាឡើយ ។
នគរបាលរូបនេះបានប្រាប់ឲ្យដឹងបន្តទៀតថា ពេលទៅដល់នារីរងគ្រោះបានបានប្រគេនសៀវភៅដល់ព្រះសង្ឃអង្គនោះរួចនាងក៏បានខ្ចីទូរស័ព្ទដៃម៉ាក Iphone Xsmax របស់ព្រះអង្គ ដើម្បីទូរស័ព្ទទៅមិត្តភក្តិ ។ ខណៈនោះ ស្រាប់តែជនសង្ស័យឈ្មោះ ជ្រឹង វេហា ហៅភោគ ស្លៀកពាក់ឯកសណ្ឋាននគរបាល ឈុតពណ៌ខៀវ ពាក់ស្លាកឈ្មោះ វី សុភាវ៉ាន់ អត្តលេខ65145 ។ បានឡើងទៅលើផ្ទះខាងលើនោះដែរ ហើយបានដណ្តើមយកទូរស័ព្ទពីដៃនាងរងគ្រោះទាំងកម្រោល រួចច្រាននាងចូលទៅក្នុងផ្ទះជាមួយព្រះសង្ឃ ហើយទាញទ្វារបិទ និងយកខ្សែចងទ្វារពីខាងក្រៅជាប់តែម្ដង ព្រមទាំងបានស្រែកគំរាមប្រាប់ឲ្យជនរងគ្រោះទាំង២អង្គ និងនាក់ នៅឱ្យស្ងៀម ។
នគរបាលដដែលបានប្រាប់ឱ្យដឹងបន្តថា លុះបន្តិចក្រោយមកក៏ឃើញជនសង្ស័យឈ្មោះ វី សុភាវ៉ាន់ ហៅវ៉ាន់ មករា ហៅ សិដ្ឋ ស្លៀកពាក់ឯកសណ្ឋាននគរបាល ពណ៌ទឹកដោះគោ និងពាក់ស័ក្តិ៤ផង រួម និងស្ត្រីសង្ស័យឈ្មោះ ខូវ រច្ចនា បានឡើងទៅលើផ្ទះនោះដែរ ។ បន្ទាប់មកបាននិយាយទារលុយពីនិស្សិតស្រីរូបនោះចំនួន៥០០ដុល្លារ (ប្រាំរយដុល្លារអាមេរិក) ជាថ្នូរ និងការដោះលែង ខណៈនោះនាងឆ្លើយថាគ្មានលុយទេ ចំណែកព្រះសង្ឃនាម ចាន់ ផលិត ព្រះអង្គក៏បានសួរនាំទៅជនសង្ស័យថា តើប៉ូលិសមកពីខាងណាដែរ ? ប៉ុន្តែក្រុមជនសង្ស័យបានប្រាប់ដែរ តែហាក់ដូចជា មិនច្បាស់លាស់សោះ ។
នគរបាលខាងលើបានប្រាប់បន្ថែមថា ពេលនោះព្រះសង្ឃអង្គនោះក៏បានលូនចេញពីក្នុងផ្ទះខាងលើតាមប្រហោងសំយ៉ាបផ្ទះចុះទៅក្រោមនិងរត់គេចព្រះកាយ ហើយជនសង្ស័យបានឃើញ និងរត់ដេញតាមដែរ តែតាមមិនទាន់ រួចក៏បានត្រឡប់ទៅផ្ទះនោះវិញ ។ បន្ទាប់មកបើកទ្វារចូលទៅក្នុងផ្ទះ រួចយកវា.យខ្នោះដៃនារីរងគ្រោះជាប់ ហើយបានយកកាបូបស្ពាយរបស់នាងឆែកមើលឃើញសោម៉ូតូ ជនសង្ស័យក៏បានយកទៅចាក់ម៉ូតូរបស់នាងជិះគេចខ្លួនបាត់ ។ ក្រោយពីជនសង្ស័យគេចទៅបាត់អស់នាងរងគ្រោះបានខំរើបម្រាស់ ហើយដោយសារកដៃនាងតូច ទើបរើរហូតរបូតខ្នោះពីដៃ ហើយបានរត់ចេញទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀនឲ្យជួយ ។
មន្ត្រីនគរបាលរូបនោះបានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានបណ្ដឹងភ្លាម លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានដឹកនាំបញ្ជាកម្លាំងចេញអន្តរាគមន៍ រហូតដល់វេលាម៉ោង២១យប់ ថ្ងៃខែឆ្នាំដដែល ទើបឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់គឺឈ្មោះ វី សុភាវ៉ាន់ ហៅ វ៉ាន់ មករា ហៅសិដ្ឋ និងឈ្មោះ ខូវ រច្ចនា ។
ដោយដកហូតបានម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ សេរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HU-2504 ខ្នោះដៃចំនួន០២ ។ កាតប៉ូលិសរបស់ឈ្មោះ វី សុភាវ៉ាន់ (ក្លែងក្លាយ)១សន្លឹក , កាតប៉ូលិសរបស់ឈ្មោះ ខូវ រច្ចនា (ក្លែងក្លាយ)១សន្លឹក, ប័ណ្ណសសើរឈ្មោះ វី សុភាវ៉ាន់ (ក្លែងក្លាយ) ១សន្លឹក ។ អាវនគរបាលឈុតពណ៌ខៀវស្លាកឈ្មោះ វី សុភាវ៉ាន់ ១, ៧/អាវនគរបាល ពណ៌ទឹកដោះគោ ពាក់សក្តិ៤ របស់ឈ្មោះ វី សុភាវ៉ាន់ ១, ប័ណ្ណសរសើរឈ្មោះ បាន វិចិត្រ (ក្លែងក្លាយ) ១សន្លឹក,ទូរស័ព្ទដៃម៉ាក Tecno Spark ចំនួន០២គ្រឿង ។ លិខិតសូមបម្រើការងារឈ្មោះ ជ្រឹង វេហា ១សន្លឹក, ឯកសារធ្វើដីកាចាប់ខ្លួនក្លែងក្លាយមួយចំនួន, កាបូបស្ពាយពណ៌ខ្មៅ១ រួចនាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន ។
នគរបាលបានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មកកម្លាំងក៏បានបន្តធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ក៏ឈានដល់ការឃាត់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ជ្រឹង វេហា ហៅ ភោគ នៅត្រង់ចំណុចផ្ទះលក់គ្រឿងសំណង់ ស្ថិតនៅតាមផ្លូវសណ្តរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិកើតហេតុខាងលើ ។
ដោយដកហូតបានទូរស័ព្ទដៃម៉ាក IphoneXsMax ពណ៌ទឹកមាសចំនួន០១គ្រឿង របស់ព្រះសង្ឃនាម ចាន់ ផលលិត, ស្រោមខ្នោះពណ៌ខ្មៅចំនួន២, ខ្សែក្រវ៉ាត់ប៉ូលិសចំនួន១, ខោនគរបាលជើងវែង ពណ៌ខៀវ១,អាវយឺតដៃវែងពណ៌ខ្មៅមានឡូហ្គោប៉ូលិស១ ហើយនាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីតាមនីតិវិធីច្បាប់ ៕