វរសេនីយ៍ឯក លន់ លុច បើកចែកអាវភ្លៀង ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ជូននាយទាហាន នាយទាហានរង នៅទីបញ្ជាការកងការពារព្រំដែនលេខ ៦០១
ភ្នំពេញ៖ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងបានបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង ចំណុះកងការពារព្រំដែនលេខ ៦០១ ។
ដោយយល់ឃើញពីទុក្ខលំបាក និងគិតគូពីសុខទុក្ខរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នារដូវវស្សា ជារៀងរាល់ឆ្នាំដោយមានការយកចិត្តទុកដាក់គិតគូរពីសុខភាពដល់យោធិនគ្រប់រូប សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភជាអាវភ្លៀង ចែកជូនយោធិនគ្រប់ៗរូប ពាក់ដើម្បីការពារសុខភាព ក្នុងពេលបំពេញភារកិច្ចនារដូវវស្សា ខាងមុខនេះ ។
ក្រោយបើកចែកអាវភ្លៀង ជូនដល់នាយទាហាននាយទាហានរង លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង នូវគុណបំណាច់ដល់ជ្រាលជ្រៅរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខដឹកនាំ តែងតែយកចិត្តទុកដាក់ និងឈឺឆ្អាលដល់សុខភាព ជីវភាពភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ពេលវេលា យើងខ្ញុំទាំងអស់គ្នាប្តេជា្ញការពារបាវចនាជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសុខសន្តិភាព និងបូរណភាពដែនដីនៃយើង ៕