ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យសាយប័រកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាកលវិទ្យាល័យសាយប័រកម្ពុជា (Cambodia Cyber University Network) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាងសាកលវិទ្យាល័យទាំង ១២ ដែលជាសមាជិកនៃបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាកលវិទ្យាល័យសាយប័រកម្ពុជា (ប.ស.ស.ក) គ្រោងនឹងប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដោយក្នុងឱកាសនោះផងដែរ ក៏នឹងមានការដាក់តាំងបង្ហាញនូវស្នាដៃសិស្សនិស្សិត និងសមិទ្ធផលតាមសាកលវិទ្យាល័យនីមួយៗ ដែលជាសមាជិកបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា។
កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើ ផែនការសកម្មភាព និងលំដាប់លំដោយនៃកម្មវិធី ដែលក្នុងនោះរួមមាន ការរៀបចំបទបង្ហាញអំពីដំណើរការផលិតមេរៀន ការរៀន និងបង្រៀនតាមរយៈរយៈប្រព័ន្ធ e-learning, ការបង្ហាញពីការរៀន និងបង្រៀនរបស់ ប.ស.ស.ក (Simulation/Virtual classroom) ពិព័រណ៌តាំងបង្ហាញរំលេចអំពីសមិទ្ធផល ទិសដៅបន្ទាប់ និងការរៀបចំស្តង់ពិព័រណ៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការស្រាវជ្រាវគាំទ្រការបណ្តុះធុរកិច្ច ការស្រាវជ្រាវផ្សារភ្ជាប់សហគមន៍ និងសហគ្រាស ក៏ដូចជាកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងអនុសាសន៍ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី។
ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនប្រកបដោយលទ្ធផលជាផ្លែផ្កា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំក្រុមការងារ ឱ្យយកចិត្តទុកដាក់លើការរៀបចំការតាំងពិព័រណ៌ ដោយសម្រាំងដាក់បង្ហាញសមិទ្ធផលខ្លឹមៗ ដូចជាការដាក់បង្ហាញពីសមិទ្ធផលសម្រេចបានរួមគ្នាកន្លងមកក្នុងក្របខណ្ឌ ប.ស.ស.ក បង្ហាញពីសមិទ្ធផលតាមសាលា ចំណុចខ្លាំង និងលក្ខណៈពិសេសតាមសាកលវិទ្យាល័យនីមួយៗ សមិទ្ធផលក្នុងអំឡុង ១០ឆ្នាំ នៃកំណែទម្រង់ឧត្តមសិក្សា និងត្រូវរំលេចពីផែនការយុទ្ធសាស្ត្រជំហានបន្ទាប់ ឱ្យឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់វិស័យអប់រំថ្មីៗ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមគិតគូរ និងអនុវត្ដមិនថមថយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
គួររំលឹកដែរថា បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែលម្អគុណភាព និងសមធម៌នៃការអប់រំឧត្តមសិក្សា ដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើចំណេះដឹង ដោយក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវ “កម្មវិធីវិនិយោគសាធារណៈអនុវិស័យឧត្តមសិក្សា ២០២២-២០២៣ ស្តីពីបណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា” នៅខែមិថុនា ឆ្នាំ២០២២។ ដើម្បីអាចវាស់ផលសម្រេចនៃវត្ថុបំណងកម្មវិធីវិនិយោគនេះ មានសូចនាករវត្ថុបំណងអភិវឌ្ឍន៍កម្មវិធីវិនិយោគ ចំនួន០៣ ដូចជា៖ (សូចនាករ ១). ចំនួនមុខវិជ្ជាដែលបានដាក់ឱ្យប្រើប្រាស់ក្នុងកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ (សូចនាករ ២). ចំនួនកម្មវិធីសិក្សាបរិញ្ញាបត្រដែលអនុវត្តកម្មវិធីបណ្ដាញសាកលវិទ្យាល័យសាយប័រ និង (សូចនាករ ៣). ចំនួនគ្រឹះស្ថានដែលមាន និងដំណើរការហេដ្ឋារចនាសម្ព័ន្ធសាកលវិទ្យាល័យសាយប័រ៕