ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីបង្សុកូល និងផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីបង្សុកូល និងផ្ទេរ ប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ដែលបានពលីជីវិត នៅក្នុងសម័យសង្រ្គាម ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម លី សុវណ្ណារិទ្ធ អភិបាលស្តីទីនៃគណៈអភិបាលខេត្ត ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯកបំរ៉ុង ផាន វ៉ាន់ឡុង ប្រធាននយោបាយក្រុមK71 ស្ថិតនៅ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្នុងពេលនោះផងដែល អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលជីករុករកបានក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ចំនួន ៤១អដ្ឋិធាតុ ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសវៀតណាម វគ្គ២ ដំណាក់កាលទី២៣ ចំនួន (រដូវប្រាំង ឆ្នាំ២០២៣-២០២៤)នាពេលខាងមុខនេះ។
លោកវរសេនីយ៍ឯកបំរ៉ុង ផាន វ៉ាន់ឡុង ប្រធាននយោបាយក្រុមK71 បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានសហការល្អក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីបានវិលត្រឡប់ទៅកាន់មាតុប្រទេសវិញ និងបានអរគុណ ដល់ក្រុមការងារ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលតែងតែជួយសំរួល ការងារជូនដល់ក្រុមការងារ K71 របស់វៀតណាមផងដែរ៕