ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ណែនាំដល់កម្លាំងនគរបាលគ្រប់ផែនទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ត្រូវធ្វើយ៉ាងណាលុបបំបាត់បញ្ហាក្មេងទំនើងឲ្យខានតែបាន
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំ ខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការពារស្តីពី កិច្ចការពារព្រះរាជពិធី “រុក្ខទិវា” ០៩ កក្កដា ២០២៤។
ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការ ព្រហ្មទណ្ឌ សន្តិសុខ គ្រឿងញៀន សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន ទាំង១១ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ប៉ុស្តិ៍សរុបចំនួន ២០៦នាក់ ស្រី ១នាក់។
ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ទោ ហេង ណារុន នាយរងការិយាល័យសរុបផែនការឡើងអានរបាយការណ៍ស្វាគមន៍ជូនអង្គពិធិជ្រាប។ បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងផែនការងារសេធិការឡើងអានផែនការ ការពារព្រះរាជពិធី “រុក្ខទិវា” នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំផ្តាំផ្ញើដល់កម្លាំងនគរបាលគ្រប់ផែនទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្ត នឹងជាពិសេសសង្កត់ធ្ងន់ទៅលើផែនការងារនគរបាលយុត្តិធម៌ និងផែនការងារសន្តិសុខ អំពីបញ្ហាក្មេងទំនើងបង្ករការអុកឡុកតាមផ្លូវសាធារណៈ សាលារៀន តាមភូមិ តំបន់រមនីយ៍ដ្ឋានទេសចរណ៍ផ្សេងៗជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍អំពីសុខសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងនាមជាមន្រ្តីនគរបាលជាតិ ត្រូវធ្វើយ៉ាងណាលុបបំបាត់បញ្ហាក្មេងទំនើងឲ្យខានតែបាន ត្រូវធ្វើការស្រាវជ្រាវរកមុខសញ្ញាចាស់ថ្មីដែលនៅសេសសល់យកមកផ្តន្ទាទោសតាមច្បាប់ ត្រូវតែគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជាថ្មីលេខ ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ និងលោកអធិការនគរបាលគ្រប់ស្រុក ក្រុង ត្រូវតែពង្រឹងការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិសង្គមក្នុងមូលដ្ឋានខេត្តទាំងមូល ត្រូវតែត្រៀមកម្លាំងនគរបាលខេត្ត ស្រុក ក្រុងប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនូវកន្លែង និងត្រៀមកម្លាំងអន្តរាគមន៍ចេញល្បាតចល័តតាមខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់បង្រ្កាបរាល់បទល្មើសកើតឡើងជាយថាហេតុ ត្រូវក្តាប់មុខសញ្ញាឲ្យបានទាំងមានដីការ អត់ដីការ និងមុខសញ្ញាទើបចេញពីពន្ធនាគារទៅរស់នៅក្នុងមូលដ្ឋានដើមវិញ បន្តការផ្សព្វផ្សាយតាមវេទិការសាធារណៈអំពីផលប៉ះពាល់ នៃគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង ចោរលួច ឆក់ប្លន់គ្រប់ប្រភេទ និងបន្តការស្រាវជ្រាវទីតាំងបញ្ចាំទាំងឡាយដែលមានច្បាប់ និងអត់ច្បាប់ឲ្យបានច្បាស់លាស់ បន្តការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តជម្រុញលើកកំម្ពស់ចំពោះមន្រ្តីនគរបាលគ្រប់រូបដែលខិតខំប្រឹងប្រែងធ្វើការងារមានស្នាដៃ ត្រូវតែស្នើសុំធ្វើលិខិតសរសើរ ប័ណ្ណសរសើរ ឋានន្តរស័ក្តិ ឋានៈតួនាទី ជាការលើកទឹកចិត្ត និងផ្តល់រង្វាន់ជូនផងដែរ ៕