ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលស្ដីពី អនាគត ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។
ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីសម្រេចបាននូវគោលបំណងរួមនៃ អនាគតល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ៕