សម្តេចធិបតី៖ មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានធនធានមនុស្សគឺមានឱកាស ក្នុងការប្រកួតប្រជែងជាមួយប្រទេសខាងក្រៅ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានខិតខំដាក់ចេញ នូវគោលនយោបាយពង្រីក និងលើកកម្ពស់នូវវិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀតនោះ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ជំរុញឱ្យកាត់បន្ថយគម្លាតវិស័យអប់រំឱ្យដល់តាមបណ្ដាខេត្តដែលជាកត្តាសំខាន់ តាមរយៈការចែករំលែកធនធានចំណេះដឹង ដោយការចងក្រងជាបណ្ដាញសកលវិទ្យាល័យ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទាំងអស់សូមបង្កើនការកែ ទម្រង់ និងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីពង្រឹងគុណភាពអប់រំនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត ៕