ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដឹកនាំគ្រប់គ្រងផ្ទៃក្នុងក្រសួងធនធានទឹក
ភ្នំពេញ៖ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារដឹកនាំគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងលោក លោកស្រីជាប្រធាននាយកដ្ឋាន ក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូបផងដែរ។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីតាមដានពីវឌ្ឍនភាពនៃការងារដឹកនាំគ្រប់គ្រងផ្ទៃក្នុង ព្រមទាំងពិភាក្សាពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយដែលមានលក្ខណៈជឿនលឿនទៅមុខប្រកបដោយប្រសិទ្ធភាព ជាពិសេសការងារគ្រប់គ្រងចរន្តឯកសារតាមប្រព័ន្ធឌីជីថល ស្របតាមបញ្ចកោណទី៥ មុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានលើកឡើងពីការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋ ឌីជីថល។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រព័ន្ធច្រកចេញចូលតែមួយក្នុងការគ្រប់គ្រងឯកសារនៅតែមានសារសំខាន់ បន្ទាប់ពីទទួលបានឯកសារត្រូវកំណត់បែងចែកទៅតាមអគ្គនាយកដ្ឋាន តាមឋានានុក្រមការងារ ដោយឆ្លងមតិយោបល់របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមជំនាញ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរដ្ឋបាល បន្តរៀបចំគ្រប់គ្រងលំហូរការងារទៅតាមឋានានុក្រម ចាប់តាំងពីថ្នាក់ការិយាល័យរហូតដល់ថ្នាក់រដ្ឋលេខាធិការទទួលបន្ទុកតាមជំនាញ ដើម្បីចូលរួមមតិយោបល់ និងតាមដានការអនុវត្តការងារ ព្រមទាំងជំរុញល្បឿនការងារតាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈពន្លឿនការងារវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល ឱ្យមានភាពច្បាស់លាស់ ស្របតាមការណែនាំរបស់ក្រសួងមុខងារសាធារណៈផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ដំណើរការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន៕