លោកជំទាវរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អញ្ជើញបំពេញទស្សនកិច្ច និងសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកិច្ចការនារីខេត្តព្រះសីហនុ
ភ្នំពេញ៖ នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវកិតិ្តបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងកិច្ចការនារី បានអញ្ជើញចុះទស្សនកិច្ច និងសំណេះសំណាលជាមួយមន្ត្រីនៃមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ។
ដំណើរទស្សនកិច្ចនេះមានគោលបំណងដើម្បីតាមដានត្រួតពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍ទៅលើការអនុវត្តការងារ របស់មន្ទីរកិច្ចការនារីខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការវិភាគមុខងារ ភារកិច្ចរបស់មន្ទីរ និងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របទៅតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ របស់ក្រសួងកិច្ចការនារី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕