រដ្ឋមន្រ្តីយុត្តិធម៌៖ សេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោស ចំពោះឃាតកម្មសាហាវ នឹងបញ្ចប់នៅចុងឆ្នាំនេះ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងថា គណៈកម្មការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ត្រូវបានបង្កើតរួចហើយ ដែលនឹងធ្វើសេចក្តីព្រាងវិសោធនកម្មច្បាប់ បន្ថែមស្ថានភាពទម្ងន់ទោសចំពោះឃាតកម្មដែលសាហាវ បាញ់សម្លាប់មនុស្សជាបន្តបន្ទាប់ ដូចករណី អតីតឧកញ៉ា ស្រី ស៊ីណា។
ការលើកឡើងបែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីឃាតកម្ម ប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា» នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងយុត្តិធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះ គឺអនុវត្តតាមការណែនាំពី សម្តេចមហាបវរធិបតី ដែលយកចិត្តទុកដាក់លើករណីឃាតកម្ម ដើម្បីធានាថាច្បាប់ត្រូវអនុវត្តដោយម៉ឺងម៉ាត់ និងតឹងរឹង និងត្រូវតែត្រឹមត្រូវ និងស្របតាមមតិមហាជនដែលលើកថា ករណីសម្លាប់មនុស្សសាហាវ ដូចករណី បុគ្គល ស្រី ស៊ីណា ការដាក់ទោសពី១០ឆ្នាំទៅ១៥ឆ្នាំគឺស្រាលណាស់ បើធៀបនឹងបណ្តាប្រទេសផ្សេងទៀត ខណៈបច្ចុប្បន្ននេះតាមច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា បានកំណត់ថា ករណីឃាតកម្មមិនគិតទុកជាមុន ជាប់ទោសអតិបរមាត្រឹម១៥ឆ្នាំប៉ុណ្ណោះ ហេតុនេះហើយកម្ពុជាមិនអាចផ្តន្ទាទោសជនល្មើសពីអ្វីច្បាប់ជាធរមានបានចែង ឬបញ្ញត្តិនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា បទឃាតកម្ម ក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលនឹងចេញជាលទ្ធផលនៅចុងឆ្នាំនេះ ចំពោះការកំណត់ទោស នឹងលើសអ្វីដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ពោលមិនក្រោម១៥ឆ្នាំនោះទេ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបន្តថា អ្នកច្បាប់ទទួលស្គាល់ យើងខ្ញុំទទួលស្គាល់ថាក្រមព្រហ្មទណ្ឌថ្វីត្បិតតែមានច្រើនទំព័រ មានច្រើនមាត្រា ប៉ុន្តែនៅតែមិនគ្រប់ ដោយត្រូវមានច្បាប់ចេញជាបន្តបន្ទាប់ ហើយទន្ទឹមនឹងនេះ ក៏មានចំណុចខ្វះខាតដែលមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៣កន្លងទៅ បានធ្វើការសម្រេចចិត្ត ក្នុងការធ្វើវិសោធនកម្មក្រមទាំងពីរនេះឡើងវិញ គឺក្រមព្រហ្មទណ្ឌ និងក្រមនិតិវិធីព្រហ្មទណ្ឌឡើងវិញ ដើម្បីម្យ៉ាងបំពេញនូវចំណុចខ្វះខាត និងម្យ៉ាងទៀតកែសម្រួលឱ្យត្រូវទៅនឹងស្ថានភាពវិវត្តិនៃសង្គម និងតម្រូវការរបស់សង្គម ដើម្បីដល់សន្តិសុខ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសណ្តាប់ធ្នាប់សង្គម។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ការធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌក្នុងកម្រិតបច្ចេកទេស អាចនឹងបញ្ចប់នៅចុងឆ្នាំ២០២៤នេះតែម្តង ៕