ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ចូលរួមពិនិត្យគ្រឿងញៀនជិត ២តោន ដែលបង្ក្រាបបាននាពេលកន្លងមក ដើម្បីត្រៀមដុតកម្ទេចចោល ឆាប់ៗខាងមុខ
ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន រួមជាមួយអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានត្រួតពិនិត្យគ្រឿងញៀនជិត ២តោន ដែលបង្ក្រាបបាននាពេលកន្លងមក មុននឹងយកទៅដុតកម្ទេចចោល នាពេលឆាប់ៗខាងមុខនេះ នៅក្នុងខេត្ដព្រះសីហនុ។
សកម្មភាពបង្ហាញត្រួតពិនិត្យតាមនិតិវិធីនេះ ធ្វើឡើងនៅសាលាដំបូងខេត្តព្រះសីហនុ ក្រោមវត្តមានឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ និងអញ្ជើញចូលរួមពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។
សូមជម្រាបថា នាពេលកន្លងមក កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បង្ក្រាបបានក្រុមឧក្រិដ្ឋជន និងវត្ថុតាងគ្រឿងញៀនជាច្រើនបញ្ជូនទៅតុលាការ៕