ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ពោធទិវាយល់ដឹងពីទន្លេមេគង្គ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកសម្ពោធទិវាយល់ដឹងពីទន្លេមេគង្គ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយដែលបានអញ្ជើញជាអធិបតីក្នុងការបើកសម្ពោធកម្មវិធីផ្សព្វផ្សាយចំណេះដឹង វប្បធម៌ ជាពិសេសប្រធានបទថ្ងៃនេះ Òជុំវិញទន្លេមេគង្គ (Mekong Delivery Day)Ó ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមានការចូលរួមទាំងអស់គ្នាលើការការពារ និងថែរក្សាធនធានធម្មជាតិរបស់កម្ពុជាឱ្យមាននិរន្តរភាព។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ពុជាមានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងនិងអង្គការដៃគូលើការងារនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់បញ្ជាក់ថា ការសហការល្អ ធ្វើការជាមួយគ្នា ទាំងរដ្ឋ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ គឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិរបស់យើង។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីសុទិដ្ឋិនិយម និងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រមទាំងធនធានជលផលដទៃទៀតនៅកម្ពុជាផងដែរ៕