មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ “អបអរសាទរដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO”
ភ្នំបេញ៖ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាគន្លឹះក្នុងព្រឹត្តិការណ៍ “អបអរសាទរដំណើរ២០ឆ្នាំ របស់កម្ពុជាក្នុងនាមជាសមាជិកអង្គការ WTO” ដែលត្រូវបានប្រារព្ធឡើងនៅកំឡុងកិច្ចប្រជុំស្តីពីការពិនិត្យឡើងវិញជាសកលលើកទី៩លើជំនួយសម្រាប់ពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ពិសេសនេះត្រូវបានចូលរួមដោយតំណាងអង្គទូត អ្នកចរចា និងមន្ត្រីតំណាងប្រទេសសមាជិកអង្គការ WTO ព្រមទាំងបណ្តាស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកអំពីបរិវត្តកម្មសង្គមសេដ្ឋកិច្ចដ៏ធំធេង ដែលចូលរួមចំណែកពីការធ្វើសមាហរណកម្មក្នុងប្រព័ន្ធពហុភាគីនៃអង្គការ WTO ក្នុងរយៈពេល២០ ឆ្នាំនេះ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងការចរចានានាដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធពហុភាគីនេះ ឱ្យកាន់តែប្រសើរ និងប្រកបដោយបរិយាប័ន្ន ដោយធានាថា គ្រប់ប្រជាជន និងគ្រប់ប្រទេសសមាជិក គឺទទួលបានផលប្រយោជន៍ពីអង្គការនេះ។