សម្តេចតេជោ៖ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរខួបលើកទី៧៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា តាំងពីចាប់បដិសន្ធិមកគណបក្សប្រជាជនកម្ពុជា មានឧត្តមគតិរបស់ខ្លួន គឺរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ហើយមួយវិញទៀតគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។
តាមរយៈតេលេក្រាម និងហ្វេសបុក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាខួបទី៧៣ឆ្នាំ ថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)»។
សម្តេចតេជោប្រធានគណបក្ស បានបញ្ជាក់ថា «ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ គណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត» ៕