មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ដឹកនាំកម្លាំងធ្វើលំហាត់យុទ្ធដំណើរទ័ព
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានដឹកនាំនាយទាហាន នាយទាហានរង ពលទាហាន ហ្វឹកហ្វឺនពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ធ្វើលំហាត់យុទ្ធដំណើរទ័ព រយះចម្ងាយ ២៥គីឡូម៉ែត្រធ្វើឡើងក្នុងភូមិសាស្រ្តភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្នុងការធ្វើយុទ្ធដំណើរទ័ពនេះដែរលោកមេបញ្ជាការ បានលើកឡើងថា ស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពត្រូវអនុវត្តន៍លំហាត់យុទ្ធដំណើរទ័ពពង្រឹង កាយសប្បទារឹងមាំ និងរំលឹកឡើងវិញនូវជំនាញ-បច្ចេកទេស ពិសេសលើផ្នែកយុទ្ធវិធី ដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យតាមបទបញ្ជារបស់ថ្នាក់ដឹកនាំប្រគល់ជូន។
លោកមេបញ្ជាការបានបន្តទៀតថា ការធ្វើលំហាត់យុទ្ធដំណើរនាពេលនេះ គឺដើម្បីឱ្យ នាយទាហាន នាយទាហានរង ពលទាហាន ការិយាល័យ ផ្នែកចំណុះតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំបញ្ជាការងារលើផ្នែកយុទ្ធវិធី ត្រៀមប្រយុទ្ធបានស្ទាត់ជំនាញដើម្បីធានាបាននូវភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕