សម្តេចតេជោ៖ ចាប់ពីថ្ងៃបដិសន្ធិបក្សប្រជាជន បានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុជាតិ និងប្រជាជន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចាប់ពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្ដមគតិរបស់ខ្លួនក្នុងការបម្រើបុព្វហេតុដ៏ឧត្ដុង្គឧត្ដមបំផុតរបស់ជាតិ និងប្រជាជន។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ធ្វើឡើងក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់ខួប ៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
សម្តេចតេជោ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំង បដិវត្តន៍ពណ៌ និងការអភិវឌ្ឍ ៕