សម្តេចតេជោ៖ គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ។
សម្ដេចតេជោ បានមានប្រសាសន៍បែបនេះ នៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខភាពប្រជាជននាពេលកន្លងមក។
សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា គម្រោងព្រែកជីក-ហ្វូណនតេជោ គឺជាគំនិតផ្ដួចផ្ដើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្ដល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជំរុញដល់វិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវឯក-រាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះ នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងរំហូរទឹកទន្លេមេគង្គឡើយ។
សូមជម្រាបថា គម្រោងព្រែកជីក-ហ្វូណនតេជោ គ្រោងនឹងប្រារព្ធការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ៕