សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពពេញលេញដែលបង្កើតបានរយៈពេលជាង២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង ២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត។ យើងត្រូវឆ្លងកាត់ការតស៊ូ ការលះបង់ ការព្យាយាម អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់ទើបសម្រេចបាន។
ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីអបអរសាទរខួបទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។
សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាការពារសន្តិភាពឱ្យឋិតថេរគង់វង្សរឹងមាំជានិច្ច។ មានសន្តិភាពទើបមានការអភិវឌ្ឍ ប្រកបដោយចីរភាព ផ្ទុយមកវិញ មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ ទើបធានា ការពារបាននូវសន្តិភាព។
សម្តេចតេជោ មិនអនុញ្ញាតដាច់ខាតឱ្យពួកអ្នកនយោបាយជ្រុលនិយមមួយ ក្តាប់តូចមកបំផ្លាញសន្តិភាពបានឡើយ។ ក្នុងន័យនេះ សម្តេចសូមអំពាវនាវដល់ប្រជាជនទាំងមូល លើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឱ្យអស់ពីកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ ចាំបាច់ត្រូវបន្តជំរុញការកែទម្រង់ ជាប់ជានិច្ច ព្រោះថាការកែទម្រង់ជាកម្លាំងចលករនៃអភិវឌ្ឍន៍ បើគ្មានការកែទម្រង់ ឬការកែ ទម្រង់គ្មានប្រសិទ្ធភាពនោះ ការអភិវឌ្ឍនឹងខ្វះកម្លាំងជំរុញហើយ ៕