សម្តេចតេជោ៖ កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លារយៈពេល២៥ឆ្នាំមកនេះ បានបង្ហាញច្បាស់ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។
ក្នុងពិធីអបអរសាទរខួបទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤) នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យយើងប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សម្ដេចតេជោ បានបន្តថា បច្ចុប្បន្ន ដំណើរជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ប្រជាជនយើងបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ១៩ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្ដី។ ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ៕