សម្ដេចតេជោ៖ បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយ រដ្ឋាភិបាលនិរទេស ដែលគ្រោងនឹងបង្កើត ត្រូវតែកំចាត់ចោលភ្លាម
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានកំចាត់ចោលរាល់អង្គការចាត់តាំង ឬបក្សនយោបាយនៅកម្ពុជា ដែលមានទំនាក់ទំនងទៅនឹងគម្រោងបង្កើតរដ្ឋាភិបាលនិរទេស ដែលមានទីតាំងនៅក្រៅប្រទេស ។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៨ មិថុនា សម្ដេចតេជោ បានមានប្រសាសន៍ថា ចលនាជ្រុលនិយម នៅកម្ពុជានៅតែបន្តមានសកម្មភាព ហើយចលនាជ្រុលនិយមនេះ គឺជាឬគល់និងជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។ សម្ដេចបានបង្ហើបឲ្យដឹងថា ការផ្ដួចផ្ដើមគំនិតដើម្បីបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសកំពុងចាប់ផ្ដើម។
សម្ដេចតេជោ ថ្លែងដោយសង្កត់ធ្ងន់ថា «បក្សណាក៏ដោយ អ្នកណាក៏ដោយ ដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋាភិបាលនិរទេស ដែលគ្រោងនឹងបង្កើតនេះ យើងត្រូវតែកំចាត់ចោលភ្លាម រំសាយចោលភ្លាមនូវអង្គការចាត់តាំង ឬបក្សនយោបាយណាក៏ដោយដែលនៅក្នុងប្រទេស»។
សម្ដេចតេជោបញ្ជាក់ថា មិនអាចឲ្យក្រុមនេះ មានក្បាលម៉ាស៊ីន ជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ។
សម្ដេចតេជោ ក៏បានអំពាវនាវចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យពិនិត្យពិចារណា ធ្វើវិសោធនកម្មច្បាប់ ទាក់ទងនឹងការបង្កើតគណបក្សនយោបាយ និងច្បាប់ដ៏ទៃទៀត ប្រសិនបើក្រុមនេះ បង្កើតនូវរដ្ឋាភិបាលនិរទេស ៕