មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយដង្កូវហ្វូង នៅក្នុងខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ រិទ្ធីថា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដំណាំ ដែលរងការបំផ្លិចបំផ្លាញដោយសត្វល្អិតចង្រៃ (ដង្កូវហ្វូង) ក្នុងខេត្តត្បូងឃ្មុំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ចាន់ សុវត្ថិភាព អនុរដ្ឋលេខាធិការ តំណាងអគ្គនាយកដ្ឋានកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មន្រ្តី ជំនាញ ពាក់ព័ន្ធ មន្រ្តីកសិកម្មឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករដែល រង ផលប៉ះពាល់ដំណាំស្រូវ។
ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង និងមានការរាយការណ៍ បន្ថែមពីមន្រ្តីជំនាញ នៅក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ ក្នុងនោះមាន ស្រុកចំនួន៣ ដែលរងការប៉ះពាល់រាតត្បាតពីដង្កូវហ្វូង គឺស្រុកពញ្ញាក្រែក ស្រុកគោគស្រុក និងស្រុកតំបែរ មានផ្ទៃដីប្រមាណជាង៦៧៩ ហិកតា។
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បាន ផ្សព្វផ្សាយ ពីវិធានការ អន្តរាគមន៍ទប់ស្កាត់នានា និងបានផ្ដល់ថ្នាំ កសិកម្មជូនប្រជាកសិករចំនួន១៤០ដប ព្រមទាំងមានការចូលរួម អនុវត្តន៍យ៉ាងសស្រាក់សស្រាំពីប្រជាកសិករ ដើម្បីទប់ស្កាត់កម្ចាត់ ដង្កូវហ្វូង ប៉ុន្តែដោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ផងនោះ បានធ្វើឱ្យ ដំណាំស្រូវ និងដំណាំដំឡូងមី ដែលរងការរាតត្បាតទាំងអស់ មានការដុះលូតលាស់យ៉ាងល្អប្រសើរឡើងវិញ។
ក្នុងឱកាសនៃការចុះត្រួតពិនិត្យនោះ ឯកឧត្ដម ម៉ៅ រិទ្ធីថា បានអំពាវនាវឱ្យប្រជាកសិករទាំងអស់ត្រូវអនុវត្តន៍ទៅតាមមន្រ្តីជំនាញបច្ចេក ទេសកសិកម្ម ដើម្បីស្វែងយល់ច្បាស់ពីវិធីកម្ចាត់ដង្កូវហ្វូង និងថែទាំ ដំណាំ ឱ្យបានល្អប្រសើរ ក្នុងករណីជួបប្រទះបញ្ហាណាមួយក្នុង វិស័យ កសិកម្មត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬមន្រ្តីកសិកម្មឃុំ ដើម្បីដោះស្រាយជូនប្រជាកសិករបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ក្រុមការងារបានផ្តល់ការណែនាំ មួយចំនួន ជូនប្រជាកសិករដូចជា៖ ត្រូវចុះពិនិត្យស្រែជាប្រចាំ ដើម្បីតាមដាន និងកម្ចាត់សមាសភាពចង្រៃឱ្យទាន់ពេលវេលា ជាពិសេសសម្អាតស្មៅ ចង្រៃនៅក្នុងស្រែ ភ្លឺស្រែ និងក្នុងចម្ការព្រៃសងខាងនៃចម្ការ ឱ្យបានស្អាត ប្រើវិធានការមេកានិក ដើម្បីកម្ចាត់ជម្រកកត្តាចង្រៃផ្សេងៗ និងចំពោះ ស្រែ និងចម្ការ ដែលមានការបំផ្លាញខ្លាំង ដោយសមាសភាពចង្រៃ ខាង លើជម្រើសចុងក្រោយគឺប្រើប្រាស់ថ្នាំកសិកម្មដើម្បីបាញ់កម្ចាត់៕