មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អញ្ជើញទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាពនានា នៃដំណើរការសាងសង់ នៅទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ ទីក្រុងអូសាកា
ភ្នំពេញ៖ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចុះទស្សនកិច្ចសិក្សាអំពីវឌ្ឍនភាពនានានៃដំណើរការសាងសង់ នៅទីតាំងការដ្ឋានពិព័រណ៍ពិភពលោក ២០២៥ ទីក្រុងអូសាកា ប្រទេសជប៉ុន។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ បានចុះពិនិត្យមើលជាក់ស្តែងនូវសំណង់អគារពន្លាជាតិកម្ពុជា ដែលកំពុងសាងសង់ហើយប្រមាណ ៩៥% នៅទីតាំងលេខ BS3 ដើម្បីត្រៀមលក្ខណៈក្នុងការរៀបចំតម្លើង រចនា និងតុបតែងឱ្យបានត្រូវនឹងខ្នាតបច្ចេកទេសជាក់ស្តែងនៃសំណង់អគារពន្លាជាតិ។
បន្ទាប់ពីបានពិនិត្យពន្លាជាតិកម្ពុជារួចមក ឯកឧត្តមរដ្ឋលេខាធិការ បានទទួលជួបជាមួយក្រុមហ៊ុនសាងសង់ចំនួន ៣ ដាច់ដោយឡែកពីគ្នា រួមមាន៖ ក្រុមហ៊ុន GL Event Japan ក្រុមហ៊ុន Pico International Limited និងក្រុមហ៊ុន JTB Trading Inc ដើម្បីផ្តល់ព័ត៌មានអំពីទស្សនាទាននៃការរៀបចំពន្លាជាតិកម្ពុជា និងពិភាក្សាស្វែងរកក្រុមហ៊ុនដែលអាចទទួលរៀបចំរចនា និងតម្លើងពន្លាជាតិកម្ពុជាបាន នៅក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានស្នើនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងបី ឱ្យដាក់ពាក្យចូលរួមក្នុងដំណើរការដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់សម្រាប់ពន្លាជាតិកម្ពុជា (Contractor for Cambodia Pavilion) នាកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដែលគ្រោងរៀបចំឡើងនៅក្រសួងពាណិជ្ជកម្មនាពេលខាងមុខនេះផងដែរ៕